តើបារាំង ឬ អេស្ប៉ាញដែលអាចកក់សំបុត្រទៅវគ្គផ្តាច់ព្រ័ត្រយូរ៉ូរាត្រីនេះ?

ចែករំលែក៖

ការប្រកួតយូរ៉ូ២០២៤បានឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដោយមានក្រុមខ្លាំងចំនួន៤ប្រជែងគ្នាយកកៅអីវគ្គផ្តាច់ព្រ័ត្រ។ សម្រាប់រាត្រីនេះក្រុមជម្រើសជាតិមាន់គកកបារាំងត្រូវប៉ះក្រុមគោជល់អេស្ប៉ាញក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១០ កក្កដានេះ។

សម្រាប់ក្រុមទាំង២សុទ្ធតែក្រុមខ្លាំងនិងមានប្រវត្តិក្នុងព្រឹត្តិការណ៍អន្តរជាតិជាច្រើនផងដែរ។ ខាងក្រោមនេះគឺជាព័ត៌មានខ្លះៗសម្រាប់ក្រុមជម្រើសជាតិទាំង២៖

ក្រុមជម្រើសជាតិបារាំង៖ បារាំងបានបង្ហាញខ្លួននៅ World Cup ចំនួន១៦ដងចាប់តាំងពីឆ្នាំ១៩៣០, ឈ្នះពាន២ដង (១៩៩៨, ២០១៨), ជាប់ចំណាត់ថ្នាក់លេខ២ម្តង (២០០៦), ជាប់ចំណាត់ថ្នាក់លេខ៣ចំនួន២ដង (១៩៥៨, ១៩៨៦), ជាប់ចំណាត់ថ្នាក់លេខ៤ម្តង (១៩៨២)។ ក្រៅពី World Cup បារាំងធ្លាប់គ្រងជើងឯកយូរ៉ូ២ដង (១៩៨៤, ២០០០), គ្រងជើងឯក Nation League ម្តង (២០២១), គ្រងជើងឯក CONMEBOL-UEFA Cup of Champions ម្តង (១៩៨៥) និងគ្រងជើងឯក FIFA Confederation Cup ២ដង (២០០១, ២០០៣)។

នៅក្នុងព្រឹត្តិការណ៍ Euro 2024 នេះក្រុមជម្រើសជាតិបារាំងតាំងពីវគ្គជម្រុះតាមពូល (ពូល D) គឺមានស្មើ និងឈ្នះ ដោយការប្រកួតបើកឆាកបារាំងយកឈ្នះអូទ្រីស១ទល់០, ប្រកួតថ្ងៃទី២ស្មើជាមួយហុល្លង់០ទល់០ និងការប្រកួតចុងក្រោយក្នុងពូលស្មើជាមួយប៉ូឡូញ១ទល់១។ ចូលដល់វគ្គ១៦ក្រុមចុងក្រោយបារាំងបានទម្លាក់ក្រុមខ្លាំងបែលហ្ស៊ិកក្នុងលទ្ធផល១ទល់០ ហើយនៅវគ្គ៨ក្រុម ក្រុមមាន់គកបារាំងបន្តទម្លាក់ព័រទុយហ្គាល់ដោយបាល់កាត់សេចក្តីប៉េណាល់ទី៥ទល់៣។ សមាជិកក្រុមជម្រើសជាតិបារាំងមានដូចជា៖
អ្នកចាំទី ៖ Alphonse Areola (West Ham), Mike Maignan (AC Milan), Loic Samba (RC Lens)។
ខ្សែការពារ ៖ Jules Kounde (Barcelona), Jonathan Clauss (Marseille), Benjamin Pavard (Inter), Ibrahima Konaté (Liverpool), Dayot Upamecano (Bayern Munich), William Saliba (Arsenal), Theo Hernandez (AC Milan), Ferland Mendy (Real Madrid)។
ខ្សែបម្រើ ៖ Eduardo Camavinga (Real Madrid), Youssouf Fofana (Monaco), N’Golo Kante (Al-Ittihad), Adrien Rabiot (Juventus), Warren Zaïre-Emery (PSG), Aurelien Tchouaméni (Real Madrid), Antoine Griezmann (Atletico Madrid)។
ខ្សែប្រយុទ្ធ ៖ Ousmane Dembele (PSG), Olivier Giroud (AC Milan/LAFC), Randal Kolo Muani (PSG), Kylian Mbappe (PSG), Marcus Thuram (Inter), Kingsley Coman (Bayern Munich), Bradley Barcola (PSG)។

ដោយឡែកក្រុមជម្រើសជាតិវិញបានបង្ហាញខ្លួននៅ World Cup ចំនួន១៦ដងចាប់តាំងពីឆ្នាំ១៩៣៤, ឈ្នះពានបានម្តងកាលពីឆ្នាំ២០១០, ទទួលបានចំណាត់ថ្នាក់លេខ៤ម្តងកាលពីឆ្នាំ១៩៥០, ធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៤ដង (១៩៣៤, ១៩៨៦, ១៩៩៤, ២០០២)។ ក្រៅពី World Cup អេស្ប៉ាញធ្លាប់ឈ្នះជើងឯកយូរ៉ូ៣ដង (១៩៦៤, ២០០៨, ២០១២), ទទួលបានជើងឯករង (ចំណាត់ថ្នាក់លេខ២) ពានរង្វាន់ Nations League កាលពីឆ្នាំ២០២១ និងជើងឯករងដដែលក្នុងពានរង្វាន់ FIFA Confederation Cup កាលពីឆ្នាំ២០១៣។

...

សម្រាប់ព្រឹត្តិការណ៍យូរ៉ូ២០២៤នេះ អេស្ប៉ាញជាក្រុមមួយដែលមិនចាញ់ និងមិនស្មើទាល់តែសោះ ពោលគឺឈ្នះទាំងអស់។ នៅវគ្គជម្រុះតាមពូល (ពូល B) អេស្ប៉ាញបានយកឈ្នះក្រូអាត៣ទល់០ក្នុងការប្រកួតបើកឆាក, បន្តឈ្នះអតីតម្ចាស់ជើងឯកអ៊ីតាលី១ទល់០ និងឈ្នះអាល់បានី១ទល់០។ ក្នុងវគ្គ១៦ក្រុមចុងក្រោយ គោជល់អេស្ប៉ាញបានទម្លាក់ហ្សកហ្ស៊ី៤ទល់១យ៉ាងចាស់ដៃ ហើយបន្តយកឈ្នះក្រុមម្ចាស់ផ្ទះឥន្ទ្រីដែកអាល្លឺម៉ង់ក្នុងម៉ោងបន្ថែម២ទល់១។ សមាជិកក្រុមជម្រើសជាតិអេស្ប៉ាញមានដូចជា៖
អ្នកចាំទី ៖ Unai Simon (Athletic Bilbao), Alex Remiro (Real Sociedad), David Raya (Arsenal – on loan from Brentford)។
ខ្សែការពារ ៖ Dani Carvajal (Real Madrid), Jesus Navas (Sevilla), Aymeric Laporte (Al-Nassr), Nacho Fernandez (Real Madrid), Robin Le Normand (Real Sociedad), Dani Vivian (Athletic Bilbao), Alex Grimaldo (Bayer Leverkusen), Marc Cucurella (Chelsea)។
ខ្សែបម្រើ ៖ Rodri (Manchester City), Martin Zubimendi (Real Sociedad), Fabian Ruiz (Paris St-Germain), Mikel Merino (Real Sociedad), Pedri (Barcelona), Alex Baena (Villarreal), Fermin Lopez (Barcelona)។
ខ្សែប្រយុទ្ធ ៖ Alvaro Morata (Atletico Madrid), Joselu (Real Madrid), Dani Olmo (RB Leipzig), Nico Williams (Athletic Bilbao), Mikel Oyarzabal (Real Sociedad), Ayoze Perez (Real Betis), Ferran Torres (Barcelona), Lamine Yamal (Barcelona)៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print