ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការស្រាវជ្រាវចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ ២០២៤ម្សិលមិញ ដោយជាប់ពាក់ព័ន្ធ ករណី លួច (ទ្រព្យសម្បត្តិ) កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៤និង២០នាទីទាបភ្លឺ ត្រង់ចំណុចផ្ទះលេខ១៦ ផ្លូវD បុរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆាយ សុភារុណ ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធនាគារ ទីលំនៅផ្ទះលេខ១៦ ផ្លូវD បុរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ រីឯជនសង្ស័យម្នាក់ដែលចាប់ឃាត់ខ្លួនមានឈ្មោះ ថន ចាន់ដារ៉ា ហៅ តឿ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខបរមិនពិតប្រាកដ ទីលំនៅភូមិថ្មី សងា្កត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបញ្ចាក់ថា សម្ភារៈបាត់បង់របស់ជនរងគ្រោះរួមមាន ៖ កាបូបស្ពាយពណ៌ប្រផេះម៉ាកALDOR ចំនួន០១, លុយខ្មែរចំនួន២៥០០០០រៀល, ឯកសារផ្សេងៗមួយចំនួន ។ ដោយឡែកវត្ថុតាងចាប់យក៖ ១/ចិញ្ចៀនលោហធាតុពណ៌លឿងដាំត្បូងពណ៌សចំនួន០១វង់ ២/ខ្សែកលោហធាតុពណ៌លឿងបន្តោងពណ៌ខ្មៅចំនួន០១ខ្សែ ៣/ក្រវិលលោហធាតុពណ៌លឿងដាំត្បូងពណ៌សចំនួន០១, ៤/នាឡិកាដៃចំនួន០១គ្រឿង, ៥/ទូរស័ព្ទដៃម៉ាកSamsung S23Utra ពណ៌ខ្មៅចំនួន០១គ្រឿង ៦/កាស់ប្លូធូចំនួន០២គូរ (ម៉ាកសាំសុងចំនួន០១គូរ,ម៉ាកIphone ចំនួន០១គូរ) ៧/កាតធានាគារចំនួន០៦សន្លឹក, ៨/កាតមន្ទីរពេទ្យកុមារជាតិចំនួន០១សន្លឹក, ៩/កាតអ៊ីនសួរេនចំនួន០១សន្លឹក, ១០/អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឈ្មោះ ឆាយ សុភារុណ ចំនួន០១សន្លឹក, ១១/ប័ណ្ណបើកបរឈ្មោះ ឆាយ សុភារុណ ចំនួន០១សន្លឹក, ១២/ប័ណ្ណប.ស.ស ចំនួន០៤សន្លឹក (ឈ្មោះ ឆាយ សុភារុណ ០១សន្លឹក,ឈ្មោះ ហួង ពេជ្របូរមី០១សន្លឹក, ឈ្មោះ ហួង ពេជ្រ រចនា ០១សន្លឹក , ឈ្មោះ ហួង ពេជ្រ ចរណៃ ០១សន្លឹក), ១៣/ប័ណ្ណសម្គាល់ការបង់ពន្ធលើអចលនទ្រព្យចំនួន០១សន្លឹក ១៤/កាបូបតូចពណ៌ប្រាក់ចំនួន០១ (របស់ជនរងគ្រោះ) ។
គួរបញ្ជាក់ថា ៖ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២១និង០០នាទី ជនរងគ្រោះឈ្មោះ ឆាយ សុភារុណ ភេទស្រី អាយុ៣៦ឆ្នាំ បានទុកសម្ភារៈខាងលេី រួចនាំក្រុមគ្រួសារចូលដេកនៅលើគ្រែក្នុងបន្ទប់ផ្ទះលេខ១៦ ផ្លូវD បុរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ដោយពុំបានចាក់សោរបន្ទប់ដេកទេ។ រហូតដល់វេលាម៉ោង០៨និង០០នាទី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ជនរងគ្រោះបានភ្ញាក់ពីដេករកមើលសម្ភារៈខាងលើ ស្រាប់តែបាត់មិនឃើញនៅកន្លែងទុក រួចជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ឱ្យជួយអន្តរាគមន៍ ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចជំនាញក៏បានចុះទៅដល់កន្លែងកើតហេតុ ឆែកមើលកាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅក្បែរកន្លែងកើតហេតុ បានឃើញជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពឡើងតាម ដែកចំរឹងខាងក្រោយផ្ទះប្រជាពលរដ្ឋក្បែរនោះ ហើយដើរឆ្លងចូលទៅផ្ទះរបស់ជនរងគ្រោះ បើកទ្វារបន្ទប់ជនរងគ្រោះចូលលួចយកសម្ភារៈខាងលើ នៅវេលាម៉ោង០៤និង២០នាទីទាបភ្លឺថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ រួចជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកជនសង្ស័យ យកមកធ្វើការសាកសួរ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
លុះដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៩និង៣០នាទី សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ថន ចាន់ដារ៉ា ហៅ តឿ ភេទប្រុស អាយុ៣០ឆ្នាំ រួមនិងវត្ថុតាង (របស់ជនរងគ្រោះ) ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) និងបក្ខពួកឈ្មោះ ជោគ ជ័យ ភេទប្រុស អាយុ៣២ឆ្នាំ (គេចខ្លួន) ពិតបានធ្វើសកម្មភាពឡើងតាមចំរឹងដែកខាងក្រោយផ្ទះ ចូលទៅលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះប្រាកដមែន ។ បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាត ឱ្យសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ៕ ដោយ ៖ ភារ៉ា ដង្កោ