គណៈកម្មការទទួលបន្ទុកវិស័យផែនការ នៃរដ្ឋសភា អញ្ជើញរដ្ឋមន្ត្រីក្រសួងផែនការមកបង្ហាញពីវឌ្ឍនភាពការងាររបស់ក្រសួង

ចែករំលែក៖

ភ្នំពេញ÷គណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខា ប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា ដឹកនាំដោយ សន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការ នៅព្រឹកថៃ្ងទី១០ ខែកក្កដា ឆ្នាំ ២០២៤ បានអញ្ជើញ លោកប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការ និងសហការី  មកកាន់នៅវិមានរដ្ឋសភា ដើម្បីជម្រាបជូនគណៈកម្មការរដ្ឋសភា ពីវឌ្ឍនភាពការងារ  ក៏ដូចជាផែនការសកម្ម ភាព និងលទ្ធផលនៃការអនុវត្តន៍ផែនការយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពាក់ព័ន្ធនឹងវិស័យផែនការ ដែលក្រសួងសម្រេចបាន។

សន្តិបណ្ឌិត ឡូយ សុផាត បានមានប្រសាសន៍ជម្រាបជូនពីគោលបំណងនៃកិច្ចប្រជុំនាឱកាសនេះ និងថា កិច្ចប្រជុំនេះ ក៏ជាការរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ នៅក្នុងការជំរុញការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។  

 

លោក ប៊ិន ត្រឈៃ បានមានប្រសាសន៍ជម្រាបជូនគណៈកម្មការជំនាញរដ្ឋសភា អំពីវឌ្ឍនភាពការងារ និងសមិទ្ធផលដែលក្រសួងផែនការសម្រេចបាន ក៏ដូចជាការអនុវត្តន៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា រតបស់ក្រសួង ក្នុងនោះក្រសួងផែនការ បានយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យផែនការ ស្ថិតិប្រជាជននិងការអភិវឌ្ឍន៍ ដែលសម្រេចបានវឌ្ឍនភាពការងារថ្មីៗបន្ថែមទៀត ជូនរាជរដ្ឋាភិបាល និងជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស នៅក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាជន ព្រមទាំងកសាងសង្គមឱ្យមានភាពរីកចម្រើនប្រកបដោយវិបុលភាព ផាសុកភាព និងសុភមង្គល ។ 

លោករដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងផែនការក៏មានតួនាទីដឹកនាំ និងសម្របសម្រួលជាមួយស្ថាប័នផ្សេងៗ ក្នុងការត្រួតពិនិត្យនូវការអនុវត្តន៍ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ រៀបចំវិធីសាស្រ្តធ្វើជំរឿនអង្កេត និងការអនុវត្តន៍ធ្វើជំរឿនប្រជារាស្រ្ត សេដ្ឋកិច្ច និងសង្គមកិច្ចផងដែរ ។ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណឱ្យសម្រេចតាមគោលបំណងដែលបានរំពឹងទុក ក្រសួងផែនការបាននឹងកំពុងរៀបចំផែនការយុទ្ធសាស្រ្តច្បាស់លាស់មួយ សម្រាប់តម្រង់ទិសដល់ការអនុវត្តន៍តួនាទីរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ដោយផ្តោតលើទិសដៅជាយុទ្ធសាស្រ្តចំនួន៧គឺ៖

១. រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០២៤-២០២៨ 

២. កម្មវិធីវិនិយោគសាធារណៈ (ក.វ.ស.) ៣ឆ្នាំរំកិល 

៣. ការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច 

៤. ការតាមដានការអនុវត្តន៍កម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍន៍ 

៥. ការលើកកម្ពស់អាហារូបត្ថម្ភជាតិ 

៦. ការងារស្ថិតិ និង

៧. ការតាមដានត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តន៍គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ ។

កម្មវិធីអាទិភាពទាំង៧ របស់ក្រសួងខាងលើនេះ  គឺជាធាតុផ្សំដ៏ចាំបាច់ក្នុងការអនុវត្តន៍នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានបាវចនា៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបានកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្នុងគោលដៅបន្តបេសកកម្មថែរក្សាសន្តិភាព និង អភិវឌ្ឍប្រទេសជាតិជាប្រវត្តិសាស្ត្រ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យ “កម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០”។ 

ក្រោយពីបានស្តាប់នូវសេចក្តីរាយការណ៍របស់លោករដ្ឋមន្ត្រីក្រសួងផែនការរួចមក សន្តិបណ្ឌិត ឡូយ សុផាត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹង ប្រែងរបស់ក្រសួងផែនការ ហើយលោកមានជំនឿជឿ ជាក់ថា រដ្ឋមន្រ្តីក្រសួងផែនការ ពិតជាមានសមត្ថភាពដឹកនាំក្រសួងដើម្បីទទួលបានវឌ្ឍនភាពថ្មីៗបន្ថែមទៀត ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់អាទិភាពគន្លឹះទាំង៥នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា”៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print