ភ្នំពេញ ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រថៃ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដា ខែ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានសភាតំណាងរាស្រ្ត និងជាប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ។
អញ្ជើញជូនដំណើរសម្តេចរដ្ឋសភាធិបតី និងគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានវត្តមាន លោក កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី ១ រដ្ឋសភា លោក វង សូត អនុប្រធានទី ២ រដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិការរដ្ឋសភា និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន រដ្ឋសភាជាច្រើនរូបទៀត។
ដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនាពេលនេះ ធ្វើឡើងក្នុងគោលបំណងបន្តពង្រឹង ពង្រីកទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ ចំណងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ក៏ដូចជាបន្តជំរុញបន្ថែមទៀតនូវវឌ្ឍនភាព និងកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការរវាង រដ្ឋ សភា នៃ ប្រទេស ទាំង ពីរដែលមានស្រាប់ ឱ្យកាន់ តែរឹង មាំ និង ស៊ីជម្រៅ នៅគ្រប់កម្រិត។
អំឡុងពេលនៃការស្នាក់នៅព្រះរាជាណាចក្រថៃ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងចូលក្រាបបង្គំគាល់ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជិរ៉ាក់ក្លៅចៅយូហួរ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ និង ព្រះអម្ចាស់ក្សត្រី សុធិតា ផាត់ឆៈរៈសុថាភិមុនឡាក់ នៅព្រះបរមរាជវាំង។
ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ដើម្បីបន្តពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ឱ្យកាន់តែប្រសើរឡើងថែមទៀត។ ទន្ទឹមនឹងនេះ សមភាគីរដ្ឋសភាទាំងពីរនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋសភានៃប្រទេសទាំងពីរ កម្ពុជា-ថៃ។
សូមជម្រាបជូនថា សម្តេចរដ្ឋសភាធិបតី មានដំណើរទស្សនកិច្ចក្រៅប្រទេសជាបន្តបន្ទាប់ក្នុងអាណត្តិទី៧ នេះ។ មកដល់ពេលនេះសម្រាប់ក្នុងក្របខណ្ឌអាស៊ាន ព្រះរាជាណាចក្រថៃជាប្រទេសទី ៣ ដែលសម្តេចរដ្ឋសភាធិបតី អញ្ជើញទៅបំពេញទស្សនកិច្ច បន្ទាប់ពីប្រទេសវៀតណាម នៅថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២៣, ទស្សនកិច្ចប្រទេសឡាវ និងចូលរួម កិច្ចប្រជុំ កំពូល សភា កម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១ នៅថ្ងៃទី៤ – ៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុង វៀងចន្ទ នាពេលកន្លងទៅនេះ។ ក្រៅពីទស្សនកិច្ចប្រទេសក្នុងអាស៊ាន សម្តេចរដ្ឋសភាធិបតី ក៏បានទៅបំពេញទស្សនកិច្ចទ្វេភាគី និងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកលើកដំបូង នៅសាធារណរដ្ឋបារាំង នៅកាលពីថ្ងៃទី០២ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ។
សូមគូសបញ្ជាក់ថា ការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសភូមិផងរបងជាប់គ្នា ក៏ដូចជាប្រទេសដ៏ទៃទៀតក្នុងតំបន់ និងក្រៅតំបន់ ជាបេសកកម្មដ៏សំខាន់មួយរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក្នុងឋានៈជាប្រធានរដ្ឋសភាថ្មីរបស់កម្ពុជា ដើម្បីផលប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន ព្រមទាំងជាការរួមចំណែកដល់សុខសនិ្តភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងទូទាំងសកលលោក៕