ភ្នំពេញ÷នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាលសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ ខែកក្កដា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។
ជាកិច្ចចាប់ផ្តើម សាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍ដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងអង្គភាពក្រោមឱវាទក្រសួង ក៏ដូចជាគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈ ត្រូវយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍសមត្ថភាព និងនវានុវត្តន៍ដោយត្រូវរៀនសូត្រឱ្យបានជាប់ជាប្រចាំជាពិសេសក្នុងវិស័យឌីជីថល ត្រូវប្រើប្រាស់ឱ្យបានជាប្រយោជន៍ ដើម្បីបង្កើនភាពងាយស្រួល និងឆាប់រហ័សក្នុងការដំណើរការងារ។
ក្នុងឱកាសនោះដែរសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ ដោយត្រូវពង្រឹងសមត្ថភាពមន្ត្រីរាជការតាមរយៈ ការបណ្តុះបណ្តាលឱ្យយល់ពីការអនុវត្តការងារ មធ្យោបាយប្រើប្រាស់ ធនធានសម្ភារៈ ត្រូវស្វែងរកកិច្ចសហការ និងដៃគូដើម្បីជួយក្នុងការ អភិវឌ្ឍន៍ធនធានមនុស្ស ដែលបង្ករឱ្យមានភាពងាយ ស្រួលក្នុងការធ្វើផែនការ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់។ ក្នុងនោះដែរត្រូវរៀបចំឱ្យមានប្រព័ន្ធតាម ដានការងារឱ្យបានរឹងមាំ ដើម្បីធានាការឆ្លើយតបឱ្យទាន់សភាពការ ដែលជាប្រយោជន៍សាធារណៈ ងាយស្រួលក្នុងការទំនាក់ទំនង និងការបញ្ច្របព័ត៌មានជូនដល់មន្ត្រីរាជការឱ្យបានទាន់ពេលវេលា។
សាស្រ្តាចារ្យរដ្ឋមន្ត្រីក៏បានណែនាំឱ្យថ្នាក់ដឹកនាំ ជា ពិសេសនៅតាមបណ្តារាជធានី ខេត្ត ត្រូវត្រៀមលក្ខណៈបង្ការទុកជាមុនករណីជំងឺឆ្លង និងជំងឺមិនឆ្លងនានា ក្នុងកំឡុងពេលរដូវវស្សា ដោយត្រូវប្រុងប្រយ័ត្នជំនន់ទឹកភ្ញៀវដែលអាចកើតមានឡើងគ្រប់ពេលវេលា។
ជាចុងក្រោយសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអរគុណដល់ថ្នាក់ដឹកនាំ ទីប្រឹក្សា ថ្នាក់ដឹកនាំអង្គភាពថ្នាក់កណ្តាល និងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំងមន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបន្តខិតខំក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងកិច្ចការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា៕