ក្រសួងបរិស្ថាន បានចែកកូនឈើចម្រុះជិត ៤ម៉ឺនដើម ជូនប្រជាពលរដ្ឋ ថ្ងៃទី១ នៃពិព័រណ៍ «ពន្លកបៃតង»

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១ នៃព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ក្រសួងបរិស្ថាន រួមជាអង្គការដៃគូ បានចែកកូនឈើចម្រុះចំនួន ៣៥,០០០ដើម ជូនប្រជាពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ។

បើតាម លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថាន ក៏បានត្រៀមកូនឈើចម្រុះចំនួន ៣៥ម៉ឺនដើម សម្រាប់ជូនប្រជាពលរដ្ឋយកទៅដាំដោយឥតគិថ្លៃ នៅក្នុងរយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍នេះ។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ជាក់ស្ដែងនៅរសៀលថ្ងៃ១០ ខែកក្កដា កូនឈើត្រូវបានចែកតាមស្តង់មុខក្រសួងបរិស្ថាន តាមទីតាំងបណ្ដុះកូនឈើផ្ទាល់ និងការស្នើសុំផ្ទាល់ពីអង្គភាព ស្ថាប័នផ្សេងៗប្រមាណ ៤៣,៥០០ដើម។ ក្រោយការចែកបីថ្ងៃនៅមុខក្រសួង កូនឈើនឹងត្រូវបន្តចែកតាមបណ្ដាខេត្តតទៅទៀត»។

លោក ខ្វៃ អាទិត្យា បានបន្តថា សម្រាប់កូនឈើចម្រុះផ្សេងៗទៀត មន្ទីរបរិស្ថាន រាជធានី-ខេត្ត នឹងបន្តចែកជូនប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីយ៉ាងណាឱ្យស្របតាមយុទ្ធនាការដាំកូនឈើយ៉ាងតិច ១លានដើម នៅក្នុងមួយឆ្នាំ។

គួរឱ្យដឹងថា ក្រសួងបរិស្ថាន បានរៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ រយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខទីស្តីការក្រសួងបរិស្ថាន និងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅតាមមន្ទីររាជធានីខេត្ត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print