បុណ្យផ្កាយ Tanabata Festival ២០២៤ រៀប ចំឡើងដោយស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន

ចែករំលែក៖

ភ្នំពេញ៖ នាល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីក្នុងពិធីបើកនៃ ពិធីបុណ្យផ្កាយ ឆ្នាំ២០២៤ (Tanabata Festival 2024) ដែលជាកម្មវិធីវប្បធម៌មួយរបស់ប្រទេសជប៉ុន និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម Atsushi UENO ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោកជំទាវ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិ។

តាងនាមឱ្យក្រសួងអប់រំ យុវជន និងកីឡាបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការប្រារព្ធពិធីបុណ្យផ្កាយ Tanabata ២០២៤ នៅកម្ពុជា ដែលសហការរៀបចំ ឡើងដោយស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០០៤ មក ដែលសបញ្ជាក់ពីការផ្សារភ្ជាប់នូវវប្បធម៌ និងចំណងមិត្តភាពដ៏រឹងមាំយូរអង្វែងរវាងប្រទេសទាំងពីរ។ ពិធីបុណ្យនេះជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញនូវការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា និងជប៉ុន ក៏ដូចជាផ្តល់ឱកាសសម្រាប់ឱ្យយុវជនប្រទេសទាំងពីរ បានស្វែងយល់អំពីការប្រមូលផ្តុំ និងការចែករំលែកនូវវប្បធម៌ចម្រុះរបស់ជប៉ុន និងកម្ពុជា ដែលរួមទាំងអក្សរសាស្ត្រ ភាសា សិល្បៈ របាំ និងម្ហូបអាហារ ជាដើម។

ជាមួយនេះដែរបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបាន លើកឡើងពីខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ក៏ដូចជាខួប ២០ឆ្នាំនៃការបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នៅកម្ពុជា ដែលក្នុងរយៈពេល២ទស្សវត្សមកនេះ CJCC បានដើរ តួយ៉ាងសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌ និងការ អប់រំ ពង្រឹងចំណងមិត្តភាពរវាងកម្ពុជា- ជប៉ុន ក៏ដូចជាបានត្រួសត្រាយផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការគ្រប់វិស័យ រវាងកម្ពុជា-ជប៉ុន។ ទន្ទឹមនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ដែលតែងតែគាំទ្រដល់វិស័យអប់រំនៅកម្ពុជា ពិសេសការផ្តល់នូវអាហារូបករណ៍ជាច្រើនដល់និស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសជប៉ុន ព្រមទាំងក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជាក្នុងឆ្នាំ២០២៣ ដោយសង្ឃឹមយ៉ាងមុតមាំថា ភាពជាដៃគូនេះនឹងឈានទៅសម្រេចបានសមិទ្ធផលជាច្រើនរួមគ្នាបន្ថែមទៀតនាឆ្នាំខាងមុខ។

...

គួរបញ្ជាក់ដែរថា ពិធីបុណ្យផ្កាយ (Tanabata Festival) គឺជាកម្មវិធីវប្បធម៌ដ៏ធំមួយរបស់ប្រទេសជប៉ុន និងតែងតែប្រារព្ធឡើងនៅក្នុងខែកក្កដាជារៀងរាល់ឆ្នាំនៅប្រទេសជប៉ុន និងតាមបណ្តាប្រទេសដែលមានទំនាក់ទំនងវប្បធម៌ជាមួយជប៉ុន តួយ៉ាងនៅកម្ពុជា សម្រាប់ឆ្នាំ ២០២៤ នេះ អ្នកចូលរួមទាំងអស់ នឹងស្វែងយល់រៀនសូត្រអំពីវប្បធម៌ចម្រុះ ការអប់រំ និងសកម្មភាពកម្សាន្តនានាថ្មីៗបន្ថែមទៀត ស្របតាមកម្មវិធី របស់ពិធីបុណ្យផ្កាយ ២០២៤ ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១២ រហូតដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print