ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានឱ្យដឹងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះថា៖ លោកបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកសង្កែ បានចុះល្បាតក្នុងភូមិសាស្ត្រ រហូតឈានដល់ការបង្ក្រាបបានករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ដោយឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនខុសច្បាប់ចំនួន ០៦នាក់ជាបន្តបន្ទាប់ យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
លោកវរសេនីយ៍ទោ យុត តុងហូ បានឱ្យដឹងទៀតថា ក្នុងកិច្ចប្រតិបត្តិការនេះ ជំហានដំបូងកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៣នាក់ ១-ឈ្មោះ ហ៊ីន ភារុំ ហៅឡុង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង, ២-ឈ្មោះ សាវិន ប៊ុនយ៉ុង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង និង៣-ឈ្មោះ បឿន ណារ៉ូ ហៅតូ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី១២ ខែកក្កដាម្សិលមិញនេះ នៅចំណុចក្រុមទី០៥ ភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
ចំណែកវត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០២ថង់ ។ ទូរស័ព្ទដៃចំនួន០២គ្រឿង។
ក្រោយឃាត់ខ្លួនយោងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើនេះ និងដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១១និង៥០នាទី នៅចំណុចភូមិឈូងត្រដក់ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង និងវេលាម៉ោង ១២ និង៣០នាទី នៅចំណុចក្រុមទី១៤ ភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង កម្លាំងសមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការ រហូតឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ទៀត ១-ឈ្មោះ រីម ប៊ូខរី ហៅរិច ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឈូងត្រដក់ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង, ២-ឈ្មោះ សឿត រ៉ង់ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង និង៣-ឈ្មោះ ជួប វេត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៨ថង់ ។
-សម្ភារៈកែច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
-ថង់សម្រាប់ច្រករំលែកថ្នាំញៀនមួយចំនួន។
-ប្រាក់ខ្មែរចំនួន ១០៦០០០រៀល (ដប់ម៉ឺនប្រាំមួយពាន់រៀល) ។
-ទូរស័ព្ទដៃចំនួន ០៣គ្រឿង ។
បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕ដោយ៖តារា