ភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅរដ្ឋបាលរាជធានីភ្នំពេញ ។
ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា បានចាត់ឱ្យ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា ផ្ដល់ប័ណ្ណសមធម៌ និងអាវជាសមាជិកមូលនិធិស៊ីក្លូចំនួន២កម្លេ ជូនដល់បងប្អូនអ្នកធាក់ស៊ីក្លូដែលជាសមាជិកមូលនិធិស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន២៩៥នាក់ នៅសាលារាជធានីភ្នំពេញ។
លោក ម៉េត មាសភក្តី បានបញ្ជាក់ថា៖ សម្តេចអគ្គម ហាសេនាបតីតេជោហ៊ុន សែន តែងក្រើនរំលឹកអោយឯកឧត្ដមឃួង ស្រេង យកចិត្តទុកដាក់និងមើលថែ ពីសុខទុក្ខបងប្អូន សមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ជាក់ស្តែងនៅពេលនេះ ពួកគាត់ទាំង២៩៥នាក់ បន្តទទួលបានប័ណ្ណសមធម៌និងអាវជាសមាជិកមូលនិធិស៊ីក្លូ ក្នុងម្នាក់ៗចំនួន២កម្លេ។
លោក ម៉េត មាសភក្តី បានបន្តថា ក្រៅពីនេះបងប្អូនអ្នកធាក់ស៊ីក្លូទាំង២៩៥នាក់ តែងទទួលបានប្រាក់ខែជារៀងរាល់ខែចំនួន២១ម៉ឺនរៀលផងដែរ ដោយក្នុង១ខែពួកគាត់អាចបើកបាន៣ដងក្នុង១ដង៧ម៉ឺនរៀល ជាមួយនឹងផ្តល់ជូនប័ណ្ណសមធម៌(ប.ស.ស)នេះ ដើម្បីឲ្យបងប្អូន អាចទៅពិនិត្យក៏ដូចជាព្យាបាលជំងឺដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យនានា។ បន្ថែមពីនេះទៀត ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ កំពុងប្រឈមមុខនឹងការរាតត្បាតជម្ងឺកូវីដ-១៩ សម្តេចមិនត្រឹមតែផ្តល់វ៉ាក់សាំងជូនពួកគាត់ដូចប្រជាពលរដ្ឋទូទៅប៉ុណ្ណោះទេ គឺសម្តេចនូវបានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស អាកុល ជែល ជូនពួកគាត់ថែមទៀត។
លោកម៉េត មាសភក្តី ក្នុងឱកាសនោះដែរ ក៏បានជូនពរអោយបងប្អូនអ្នកធាក់ស៊ីក្លូទាំងអស់មានសុខភាពល្អ ជៀសវាងនឹងជម្ងឺផ្សេងៗ តែបើមានជម្ងឺបងប្អូនក៏អស់ក្តីកង្វល់ទៀតដែរ ព្រោះតែបងប្អូន មានប័ណ្ណសមធម៌(ប.ស.ស) ដែលអាចទៅពិនិត្យក៏ដូចជាព្យាបាលជំងឺដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យនានា។
លោកពូ ម៉ៅ ឆន អាយុ៥៧ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែងនិងលោកអ៊ុំ រស់ អ៊ាង ភេទ ប្រុស អាយុ៦៦ឆ្នាំ បានមានប្រសាសន៍ស្រដៀងគ្នាថា៖ លោកពូនិងលោកអ៊ុំ ពិតជាអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលកន្លងមកតែងតែជួយឧបត្ថមដល់ពួក ដោយមានទាំងប្រាក់ប្រចាំខែ ចែកជូនជាគ្រឿងឧបភោគ បរិភោគនិងថវិកានៅរាល់បុណ្យជាតិធំៗ ដូចជាចូលឆ្នាំនិងភ្ជុំបិណ្ឌជាដើម។ បន្ថែមពីនេះនៅបានផ្តល់ប័ណ្ណសមធម៌(ប. ស. ស)ដែលអាចអោយពួកគាត់ទៅពិនិត្យក៏ដូចជាព្យាបាលជំងឺដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យនានាថែមទៀត។
សូមបញ្ជាក់ថា៖ មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨មករាឆ្នាំ២០១៨គឺមានរយៈពេល៤៥ ឆ្នាំហើយ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអនានិគមនិយមបារាំងមកម្លេះ៕. ដោយ សំរិត