ខេត្តស្វាយរៀង៖ ស្ត្រីជនជាតិឥណ្ឌូនេស៊ី ម្នាក់បានស្លាប់ក្នុងបន្ទប់ជាន់ទី២ អគារ២ ក្នុងបរិវេណក្រុមហ៊ុនវីននឺសផាកថ្មី ក្រុងបាវិត សង្ស័យបណ្តាលមកពីគាំងបេះដូង។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងនៅថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២៤នេះថា ស្ត្រីខាងលើមានឈ្មោះSEPTYAN PUTRI CHAIRUNISA ជនជាតិឥណ្ឌូនេស៊ី កើតថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៩៨ កាន់លិខិតឆ្លងដែនលេខ : E3266034 មុខរបរបុគ្គលិកក្រុមហ៊ុនវីននឺសផាកថ្មី មានទីលំនៅទីក្រុង JAKARTA ប្រទេសឥណ្ឌូនេស៊ី បច្ចុប្បន្នស្នាក់នៅបន្ទប់លេខ២១២ ជាន់ទី២ អគារ ២ ក្នុងបរិវេណក្រុមហ៊ុនវីននឺសផាកថ្មី ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពបន្តថានៅ កាលពីវេលាម៉ោង៧និង៤៥នាទីយប់ថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០២៤ ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតបានទទួលព័ត៌មានពីអ្នកបកប្រែក្រុមហ៊ុនវីននឺសផាកថ្មី ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលបានរាយការណ៍មកសមត្ថកិច្ចថា មានករណីជនជាតិឥណ្ឌូនេស៊ីស្លាប់នៅក្នុងបន្ទប់លេខ២១២ ក្រុមហ៊ុនវីននឺសផាកថ្មីរួចមក កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិតបានចុះទៅដល់កន្លែងកើតហេតុធ្វើការហ៊ុមព័ទ្ធការពារកន្លែងកើតហេតុ ។
រហូតដល់ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៨និង៣០នាទី លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំកម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិតនិងលោកវេជ្ជបណ្ឌិតអ៊ុង សុវណ្ណឌី សមាជិកគណ:កម្មការកោសល្យវិច័យ នៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោក កែវ ចាន់វាសនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅពិនិត្យនិងស្រាវជ្រាវដល់កន្លែងកើតហេតុ។
ជាលទ្ធផលនៃការស្រាវជ្រាវនិងការសន្និដ្ឋាន៖ ផ្អែកតាមការពិនិត្យកន្លែងកើតហេតុនិងសាកសព ការឆែកកាមេរ៉ាសុវត្ថិភាព ការស្ដាប់ចម្លើយសាក្សីបំភ្លឺ គ្រូពេទ្យជំនាញនិងសមត្ថកិច្ចអាចសន្និដ្ឋានបានថា សាកសពស្លាប់ដោយសារគាំងបេះដូង អាចបណ្ដាលមកពីខ្វះជាតិកាល់ស្យូមនិងជាតិស្ករ (Arret Cardiapue)។
បច្ចុប្បន្ន ដោយមានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ទោស្នងការនគរបាលខេត្ត និងមានការឯកភាពពីលោក ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត សាកសពបានបញ្ជូនតាមរថយន្ដ យកទៅប្រគល់ជូនកម្លាំងជំនាញការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុ នៃនាយកដ្ឋានបច្ចេកទេសនិងវិទ្យាសាស្ត្រ រក្សាទុកនៅសាលរក្សាសពវត្តស្ទឹងមានជ័យដើម្បីបន្តនីតិវិធី៕ ដោយ៖ សុថាន