ប្រទះឃើញសត្វជ្រូកទឹកមួយក្បាល មករស់នៅក្នុងសហគមន៍នេសាទព្រែកត្នោត

ចែករំលែក៖

ខេត្ត​កំពត​៖​ ក្រុមការងាររបស់អង្គការអភិរក្សសមុទ្រកម្ពុជា (MCC) បានប្រទះឃើញវត្តមានជ្រូកទឹក១ក្បាលទៀត បានមករស់នៅក្នុងដែនសហគមន៍នេសាទព្រែកត្នោត​ កាលពីថ្ងៃទី៤ និងទី៥ ខែកក្កដា កន្លងទៅថ្មីៗនេះ។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​លោក ស សុរិន នាយខណ្ឌរដ្ឋបាលជលផល​ បានថ្លែង​ឱ្យដឹងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។

នាយខណ្ឌរដ្ឋបាលជលផល​រូបនេះ​ បានថ្លែងបន្តថា​ ចំពោះ​វត្តមានជ្រូកទឹកនេះធ្វើឱ្យយើងដឹងថា មជ្ឈដ្ឋានសមុទ្រខេត្តកំពត ពិសេសតំបន់អភិរក្ស និងសហគមន៍នេសាទទាំងអស់ សំបូរធនធាន មានជីវៈចម្រុះច្រើន សំបូរចំណីអាហារ ក្លាយជាទីជម្រកដ៏មានសុវត្ថិភាព សម្រាប់ពពួកសត្វកម្រ សត្វងាយរងគ្រោះ មានដូចជាពពួកជ្រូកទឹក អណ្តើកសមុទ្រ ត្រីសេះសមុទ្រ និងផ្សោតជាដើម។

លោក ស សុរិន បានឱ្យដឹងទៀតថា​ បន្ទាប់ពីមានកិច្ចសហការល្អជាមួយអង្គការក្រៅរដ្ឋាភិបាល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ យើងបានបង្ក្រាបបទល្មើសជាប្រចាំ និងបានអភិរក្សស្មៅសមុទ្រ ផ្កាថ្ម និងការពារព្រៃកោងកាងបានយ៉ាងល្អ ធ្វើឱ្យប្រភេទសត្វកម្រ សត្វងាយរង់គ្រោះ បានវិលមករស់នៅតំបន់អភិរក្សក្នុងសហគមន៍នេសាទត្រពាំងរពៅ សហគមន៍នេសាទព្រែកត្នោត និងសហគមន៍នេសាទចង្ហោនច្រើន ក្នុងរយៈពេលចុងក្រោយនេះ។

លោកបន្ថែមថា ពួកសត្វកម្រ និងងាយរងគ្រោះ មានជ្រូកទឹក អណ្តើកសមុទ្រ ត្រីសេះសមុទ្រ ផ្សោតជាដើមនេះ វារស់នៅតែក្នុងតំបន់ណាដែលមានសុវត្ថិភាព គ្មានការរំខាន់ មានទីជ្រក និងសំបូរចំណីអាហារប៉ុណ្ណោះ។

...

ដោយឡែក​បេីតាមការ​បញ្ជាក់ពី​ក្រុមការងាររបស់អង្គការអភិរក្សសមុទ្រកម្ពុជា (MCC) បានឱ្យដឹងថា គិតមកដល់ថ្ងៃនេះក្រុមការងារនៅមិនទាន់អាចបញ្ជាក់ចំនួនសត្វជ្រូកទឹកក្នុងដែនសមុទ្រខេត្តកំពតបាននៅឡើយទេ រង់ចាំគម្រោងសិក្សាស្រាវជ្រាវបញ្ចប់នៅឆ្នាំនេះសិន ប៉ុន្តែក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ក្រុមការងារបានប្រទះឃើញជ្រូគទឹកនៅខេត្កកំពត៥លើក នៅតំបន់វាលស្មៅសមុទ្រដែលក្រុមការងារបានទម្លាក់ប្រអប់សិប្បនិមិត្ត ព្រោះចំណីជ្រូកទឹកគឺស្មៅសមុទ្រ។ ខេត្តកំពតមានសហគមន៍នេសាទចំនួន៩កន្លែង មានស្មៅសមុទ្រចំនួន១១ប្រភេទ លើផ្ទៃបាតសមុទ្រ ៨ ៤៣៥ហិកតា ផ្កាថ្ម ៩៥៣ហិកតា ព្រៃកោងកាង ១ ៩៦៦ហិកតា និងទីតាំងអភិរក្សមានចំនួន១៣កន្លែង៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print