ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា ខេមរៈស្រីពៅបានបាត់មុខក្នុងចង្កោមសិល្បៈជាមួយនឹងដំណឹងរសើបមួយគឺការប្រតិកម្មនឹងថ្នាំរក្សាសម្ផស្សអស់ជាច្រើនខែមកហើយ។ បើទោះបីជាបងប្រុសនាងគឺលោក ខេមរៈសិរិមន្តចេញមុខបកស្រាយថាប្អូនស្រីលោកមានជំងឺបំពង់កនិងក្រពះក្តីក៏រហូតមកដល់ពេលនេះគេនៅមិនទាន់បានឃើញវត្តមានប្អូនស្រីលោកបង្ហាញវត្តមានជាសាធារណៈនៅឡើយ។
ទស្សនិកជនបានទន្ទឹងរង់ចាំអស់ប្រមាណជាង៥ខែមកហើយចំពោះការបង្ហាញវត្តមានរបស់តារាចម្រៀង ខេមរៈ សិរីមន្ត។ការបន្តលាក់មុខរបស់នាងពីមួយថ្ងៃនៅមួយថ្ងៃកាន់តែធ្វើឲ្យមហាជនយល់ថាជីវិតរបស់តារាចម្រៀងរូបនេះស្ថិតក្នុងភាពអាថ៌កំបាំងច្រើន។ គេចាំបានថា ក្នុងពេលដំណឹងបាត់មុខរបស់ខេមរៈ ស្រីពៅ កំពុងតែខ្ទរខ្ទារខ្លាំង លោកខេមៈ ភារុណ បងប្រុសរបស់ស្រីពៅ ធ្លាប់ប្រាប់អ្នកសារព័ត៌មានថា ស្រីពៅ អាចនឹងបង្ហាញមុខ បន្ទាប់ពីចូលឆ្នាំប្រពៃណីខ្មែរ ។ ប៉ុន្តែរហូតមកដល់ពេលនេះ គេនៅមិនឃើញនាងបង្ហាញមុខជាសាធារណៈដែលសូម្បីតែរូបថតមួយសន្លឹកក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកក៏គេមិនបានឃើញផង។ អ្នកគាំទ្រនាងពិសេសក្រុមយុវវ័យមួយចំនួនទៀត ហាក់ដូចជាអស់ជំនឿនឹងខកចិត្តចំពោះការសន្យាទាំងនេះប៉ុន្តែពួកគេនៅតែបង្ហាញក្តីនឹករលឹក និងបួងសួងសុំឲ្យជីវិតរបស់នាងមិនមានអ្វីកើតឡើងដូចពាក្យចចាមអារ៉ាម។
លោកខេមរៈ ភារុណ បងប្រុសរបស់ស្រីពៅបានបញ្ជាក់កន្លងទៅនេះថា លោកមិនអាចហាមឃាត់ គេមិនឱ្យរិះគន់ទេ តែអ្វីដែលសំខាន់ជាងនេះ គឺសុខភាពរបស់នាង។ លោកថា នៅពេលនាងមានសុខភាពរឹងមាំឡើងវិញ នាងនឹងបង្ហាញមុខ តែលោកនៅតែមិនអាចកំណត់ថ្ងៃច្បាស់ដដែល។
គួររំលឹកថា ចាប់តាំងពីដើមឆ្នាំ២០១៦មក មានការលេចលឺថាតារាចម្រៀង ខេមរៈ ស្រីពៅ បាត់មុខដោយសារជំងឺសើស្បែកកម្រិតធ្ងន់ធ្ងរ ខណៈដែល លោកសិរីមន្ត ប្រាប់ថា នាងគ្រាន់តែឈឺក្រពះ និងបំពង់កប៉ុណ្ណោះ ហើយថានាងបន្តស្នាក់ នៅប្រទេសថៃ។ ប៉ុន្តែថ្មីៗនេះ មានព័ត៌មានធ្លាយចេញថា ស្រីពៅ បានមកស្រុកខ្មែរ យូរហើយ ពេលនេះនាងរស់នៅផ្ទះ របស់លោក សិរីមន្ត នៅសង្កាត់ភ្នំពេញថ្មី។ អ្នកគាំទ្រនាង នៅតែរង់ចាំការវិលវិញរបស់នាង និងចង់ឲ្យនាងបង្ហាញសមត្ថភាពច្រៀង និងរាំនៅលើឆាកដូចគ្រាមុនដដែល៕
ដោយ៖ វឌ្ឍនា