នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញដឹកនាំកិច្ចប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមការងារ «ង» ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមុិញនេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមការងារ «ង» ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួងមហាផ្ទៃ។ នេះបើយោងតាមប្រភព ពីអគ្គស្នងការដ្ឋាននគរបាលជាតិ ។

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មានប្រសាសន៍ថា ៖ នេះជាកិច្ចប្រជុំលើកទី៣ ដោយកិច្ចប្រជុំលើកទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅចុងឆ្នាំ២០២៣ និង កិច្ចប្រជុំលើកទី២ នៅដើមឆ្នាំ២០២៤ ដែលគិតមកដល់ពេលនេះមានរយៈពេលប្រមាណជាង០៩ខែ។

នៅក្នុងកិច្ចប្រជុំ នាយឧត្តមសេនីយ៍ ស ថេត បានស្នើទៅកាន់តំណាងធនាគារជាតិនៃកម្ពុជា និងក្រុមការងារ “ង” ពាក់ព័ន្ធការពង្រឹងលើប្រព័ន្ធចុះឈ្មោះបង្កើតគណនីធនាគារគ្រប់ប្រភេទ សូមឱ្យមានការតឹងរឹង និងត្រួតពិនិត្យឱ្យបានច្បាស់លាស់ ប្រសិនបើយើងបង្កលក្ខណៈងាយស្រួលដើម្បីទាក់ទាញអតិថិជនឱ្យប្រើប្រាស់សេវារបស់យើង ក៏វាមានផលលំបាក និងហានិភ័យត្រឡប់មកវិញដែរ ទន្ទឹមនោះបើយើងកំណត់លក្ខខណ្ឌនៃការបើកគណនីស្តង់ដារតែមួយ នោះងាយស្រួលដល់សមត្ថកិច្ចក្នុងការបង្ការ ទប់ស្កាប់ នូវបទល្មើសហិរញ្ញវត្ថុតាមប្រព័ន្ធបច្ចេកវិទ្យា។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានបញ្ជាក់ថា កិច្ចប្រជុំជាលើកទី៣ នាពេលនេះក្នុងគោលបំណងពិភាក្សាស្វែងរកដំណោះស្រាយបន្ថែមឱ្យបានឆាប់រហ័សរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយបណ្តា ធនាគារឯកទេស ធនាគារពាណិជ្ជ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងភ្នាក់ងារផ្ទេរប្រាក់ទាំងអស់ ក្នុងការទប់ស្កាត់បទល្មើសបច្ចេកវិទ្យាគ្រប់ប្រភេទ ពិសេសបទល្មើសហិរញ្ញវត្ថុតាមប្រព័ន្ធបច្ចេកវិទ្យា ហើយដើម្បីបង្ការទប់ស្កាត់បញ្ហាទាំងនេះឱ្យមានប្រសិទ្ធភាព ស្នើឱ្យនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្កើនការផ្សព្វផ្សាយអប់រំ អំពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដល់គ្រប់មជ្ឈដ្ឋាន។ ទន្ទឹមនោះដែរ សមាគម នៃធនាគារជាតិ ក៏ត្រូវធ្វើការទំនាក់ទំនងផ្តល់ព័ត៌មាន ក៏ដូចជាសហការផ្តល់អ្នកជំនាញ ដើម្បីធ្វើការជាមួយសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ហើយក្នុងករណីផ្លាស់ប្តូរអ្នកជំនាញរបស់ខ្លួន សូមរៀបចំមនុស្សថ្មីឱ្យមានការទំនាក់ទំនងគ្នាបន្តទៀត។

នាយឧត្តមសេនីយ៍ ស ថេត ស្នើឱ្យបណ្តាធនាគារឯកទេស ធនាគារពាណិជ្ជ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងភ្នាក់ងារផ្ទេរប្រាក់ទាំងអស់ មានការទុកចិត្តចំពោះកិច្ចសហប្រតិបត្តិការជាមួយនគរបាលជាតិ ព្រោះថានគរបាលជាតិជាអ្នកទទួលខុសត្រូវទៅលើកិច្ចការងារសន្តិសុខជាតិ ដូច្នេះគឺជាអ្នកដែលមាននីតិសប្បទាជានគរបាលយុត្តិធម៌ត្រឹមត្រូវអនុវត្តតាមផ្លូវច្បាប់ ឬការកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

គួរជម្រាបថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចបង្កើតឲ្យមានក្រុមការងារ Hotline Scam 24/7 ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អាចដាក់បណ្តឹងអនឡាញ មកកាន់មន្រ្តីជំនាញបានទាន់ពេលវេលា និងឆាប់រហ័ស។ ក្នុងករណីប្រជាពលរដ្ឋដែលរងគ្រោះដោយសារអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមចូលទៅកាន់តំណភ្ជាប់ hotline.police.gov.kh ឬឆាតទៅផេកអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈ https://www.facebook.com/cambodiapolice៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print