ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកកត្តា អ៊ន បានឱ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៤ កម្ពុជាមានរោងចក្រ សហគ្រាសមានចំនួនសរុប ៤ម៉ឺន៤ពាន់៤១៧កំពុងតែដំណើរការ ខណៈសហគ្រាសគ្រឹះស្ថាន ដែលបើកថ្មីមានសរុបចំនួនជាង ៣ពាន់សហគ្រាសនិងមានកម្មករនិយោជិតសរុបប្រមាណ ១លាន៧៩ម៉ឺននាក់ កំពុងតែធ្វើការ ។
អ្នកនាំពាក្យក្រសួងការងារ បានបញ្ជាក់ថា ក្នុងចំណោមកម្មករនិយោជិតសរុបប្រមាណ ១លាន៧៩ម៉ឺននាក់នោះ មានកម្មករនិយោជិតកំពុងបម្រើការងារនៅក្នុង វិស័យវាយនភណ្ឌ, កាត់ដេរ, ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ចំនួន ១ពាន់៥៣៨ សហគ្រាស និងមានកម្មករនិយោជិតសរុបចំនួន ៩១ ម៉ឺន៣ពាន់១៧នាក់ និងទទួលបាន ប្រាក់ឈ្នួលប្រចាំឆ្នាំប្រមាណ ២,៩៧ពាន់លានដុល្លារអាម៉េរិក។ ចំណែកក្រៅពីវិស័យកាត់ដេរមាន ៤ម៉ឺន២ពាន់ ៨៧៩សហគ្រាស និងមានកម្មករនិយោជិតសរុបចំនួន ៨៧ម៉ឺន៩ពាន់ ៧៧៤នាក់ និងទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំប្រមាណ ២,៦ពាន់លានដុល្លារអាម៉េរិក ។
លោក កត្តា អ៊ន បានថ្លែងថា ក្រៅពីសហគ្រាសដែលកំពុងដំណើរការនោះ មានសហគ្រាសនិង គ្រឹះស្ថាន បើកថ្មីមានសរុបចំនួន៣ពាន់១៣០ និងមានកម្មករនិយោជិតសរុបចំនួន ៧ម៉ឺន៧ពាន់ ៤៣៦នាក់ ក្នុងនោះ វិស័យកាត់ដេរមានចំនួន ៨២សហគ្រាស និងមានកម្មករនិយោជិតចំនួន ៣ម៉ឺន៧ពាន់៨២៧នាក់៕