សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលជំនួប លោក Miguel De Serpa Soares អគ្គលេខាធិការងទទួលបន្ទុកកិច្ចការច្បាប់ និងជាទីប្រឹក្សាច្បាប់របស់អង្គការសហប្រជាជាតិ

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក Miguel De Serpa Soares អគ្គលេខាធិការង ទទួលបន្ទុកកិច្ចការច្បាប់ និងជាទីប្រឹក្សាច្បាប់របស់អង្គការសហប្រជាជាតិ ។

 នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Miguel De Serpa Soares អគ្គលេខាធិការង ទទួលបន្ទុកកិច្ចការច្បាប់ និងជាទីប្រឹក្សាច្បាប់របស់អង្គការសហប្រជាជាតិចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារនៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប លោក Miguel De Serpa Soares អគ្គលេខាធិការងទទួលបន្ទុកកិច្ចការច្បាប់ និងជា ទីប្រឹក្សាច្បាប់របស់អង្គការសហប្រជាជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ដែល បានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារ។ ជាមួយគ្នានេះ លោកអគ្គលេខាធិការង ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការអភិវឌ្ឍដ៏ល្អ និង ឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីលោកបានមកបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងកាលពី ខែធ្នូ ឆ្នាំ២០១៣។ លោក Miguel De Serpa Soares ក៏បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការដ៏ល្អរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវជោគជ័យក្នុង កិច្ចដំណើរការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ព្រមទាំងបានបង្ហាញពីចំណាប់អារម្មណ៍ ខ្ពស់លើការរៀបចំសម្ភារៈបរិក្ខារ បណ្ណាល័យ និងការក្សាទុកឯកសាររបស់ អ.វ.ត.ក ហើយអង្គការសហប្រជាជាតិនៅ តែបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងការបញ្ចប់មុខងារ ដែលនៅសេសសល់របស់ អ.វ.ត.ក។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយ ឯកឧត្តមអគ្គលេខាធិការង និងបានអរគុណចំពោះការគាំទ្ររបស់អង្គការសហប្រជាជាតិក្នុងកិច្ចដំណើរការប្រកប ដោយជោគជ័យនៃ អ.វ.ត.ក ក្នុងរយៈពេល ១៦ ឆ្នាំកន្លងមក។ បន្ថែមលើនេះ សម្តេចធិបតី ក៏បានបញ្ជាក់ថា ការ ជំនុំជម្រះរឿងក្ដីរបស់របបប្រល័យពូជសាសន៍កម្ពុជាមិនបញ្ចប់ត្រឹមប៉ុណ្ណេះនោះទេ តែត្រូវតែបន្តនូវកិច្ចការមួយចំនួន ទៀតដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជានាពេលអនាគត ក៏ដូចជាសម្រាប់ពិភពលោកទាំងមូលផងដែរ។

ក្នុងន័យនេះ សម្តេចធិបតី បានជម្រាបជូន ឯកឧត្តមអគ្គលេខាធិការង ថា រាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំនូវយន្តការ ដ៏សមស្របមួយក្នុងការថែរក្សា និងទុកដាក់នូវឯកសារសំណុំរឿង ដែលមានចំនួនជាង ២,៤ លានទំព័រ ជាបីភាសា (ខ្មែរ បារាំង និងអង់គ្លេស) ដើម្បីទុកជាទ្រព្យសម្បត្តិមនុស្សជាតិដល់ពិភពលោកទាំងមូលសម្រាប់ឱ្យអ្នកជំនាន់ ក្រោយបានស្វែងយល់ និងសិក្សាអំពីអំពើប្រល័យពូជសាសន៍ និងបញ្ចៀសនូវអំពើប្រល័យពូជសាសន៍ដែលអាច កើតមានឡើងនៅលើពិភពលោក។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ថា សុខសន្តិភាព គឺជាកត្តាមួយ មិនអាចកាត់ថ្លៃបាន និងជាកត្តាចម្បងសម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ។ ក្នុងន័យនេះ ដើម្បីឱ្យ ពិភពលោកទាំងមូលមានសុខសន្តិភាព គឺយើងទាំងអស់គ្នាត្រូវរួមសហការគ្នា ដោយធ្វើយ៉ាងណាបញ្ចៀសឱ្យបាននូវ រាល់សង្គ្រាម និងជម្លោះ ដែលអាចកើតមានជាយថាហេតុ។

លោកអគ្គលេខាធិការរង បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ក្នុងការថែរក្សា និងទុកដាក់ឯកសារសំណុំរឿង ដែលមានចំនួនជាង ២,៤លានទំព័រ ព្រមទាំងបានបញ្ជាក់ថា អង្គការសហប្រជាជាតិ នឹងបន្តគាំទ្រកម្ពុជាលើកិច្ចការដ៏មានសារៈសំខាន់នេះ។ ទន្ទឹមនឹងការឯកភាពនឹងប្រសាសន៍របស់សម្តេចធិបតី អំពីតម្លៃនៃសុខសន្តិភាព ឯកឧត្តមអគ្គលេខាធិការរង បានគូសបញ្ជាក់ថា ប្រសិនបើគ្មានសន្តិភាពទេ យើងក៏ពុំអាច មានសេចក្តីសុខ និងភាពរីករាយនោះដែរ។

ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរ លោក Miguel De Serpa Soares និងគណៈប្រតិភូឱ្យទទួល បានជោគជ័យក្នុងទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print