សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ បង្កើតអង្គភាពសវនកម្មពន្ធដារពិសេស ចំណុះអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការបង្កើតអង្គភាពសវនកម្មពន្ធដារពិសេស ចំណុះអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នេះបើតាមអនុក្រឹត្យដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នេះ។

រាជរដ្ឋាភិបាល សម្រេច ជំពូកទី១ បទប្បញ្ញត្តិទូទៅ
មាត្រា១..ត្រូវបានបង្កើតអង្គភាពសវនកម្មពន្ធដារពិសេស មានថ្នាក់ស្មើនាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាយន្តការជំរុញនិងពន្លឿនការដោះស្រាយបញ្ហានានារបស់អ្នកជាប់ពន្ធ ពាក់ព័ន្ធនឹងការងារសវនកម្មពន្ធដារឱ្យបានឆាប់រហ័ស សំដៅកែលម្អបរិយាកាសធុរកិច្ចនិងការវិនិយោគ។ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ

ជំពូកទី២ តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធ

មាត្រា២…អង្គភាពសវនកម្មពន្ធដារពិសេសមានតួនាទីនិងភារកិច្ចដូចតទៅ៖

– គ្រប់គ្រងនិងធ្វើការងារសវនកម្មពន្ធដារ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាននិង សៀវភៅណែនាំស្តីពីបែបបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ លើសហគ្រាសដែលស្ថិតក្រោមសមត្ថកិច្ចរបស់អង្គភាព

– ទទួលបន្ទុកក្នុងការធ្វើការពិនិត្យផ្ទៀងផ្ទាត់ឯកសារ និងវិភាគហានិភ័យនៅនឹងអង្គភាពសវនកម្ម ពន្ធដារពិសេស ដើម្បីធ្វើសវនកម្មពេញលេញតែមួយលើក ដោយពុំចាំបាច់ធ្វើសវនកម្មលើលិខិត ស្នាមនិងសវនកម្មមានកម្រិត លើសហគ្រាសដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន

– រៀបចំផែនការសវនកម្មពន្ធដារពិសេសប្រចាំឆ្នាំ ដោយផ្អែកលើសៀវភៅណែនាំស្តីពីការកំណត់ ហានិភ័យលើសហគ្រាសដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន

– អាចធ្វើសវនកម្មតាមការស្នើសុំពីសហគ្រាសដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន – អនុវត្តការងារតាមបែបបទនិងនីតិវិធីការងារស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន
– ជូនព័ត៌មានទៅសាមីសហគ្រាសអំពីមូលហេតុនៃការជ្រើសរើសយកសហគ្រាស ដើម្បីធ្វើសវនកម្ម ពន្ធដារ

– ធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ

– អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

មាត្រា៣…អង្គភាពសវនកម្មពន្ធដារពិសេស ត្រូវដឹកនាំដោយប្រធាន១ (មួយ) រូប មានឋានៈស្មើប្រធាននាយកដ្ឋាន និងមានអនុប្រធានមួយចំនួនមានឋានៈស្មើអនុប្រធាននាយកដ្ឋាន ដោយអនុលោមតាមលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។
ប្រធាននិងអនុប្រធាននៃអង្គភាពសវនកម្មពន្ធដារពិសេស គឺជាមន្ត្រីក្របខ័ណ្ឌមុខងារសាធារណៈ កំពុងបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលត្រូវបានតែងតាំងឱ្យទទួល តួនាទីបន្ថែមលើមុខងារបច្ចុប្បន្ន។

មាត្រា៤..អង្គភាពសវនកម្មពន្ធដារពិសេសមានការិយាល័យចំណុះមួយចំនួនតាមការចាំបាច់ ដោយអនុលោម តាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ការរៀបចំនិងការប្រព្រឹត្តទៅរបស់ការិយាល័យនីមួយៗចំណុះអង្គភាពសវនកម្មពន្ធដារពិសេស ត្រូវ កំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

មាត្រា៥..អង្គភាពសវនកម្មពន្ធដារពិសេស អាចជ្រើសរើសមន្ត្រីដែលមិនស្ថិតក្នុងក្របខ័ណ្ឌមន្ត្រីរាជការនៃ អគ្គនាយកដ្ឋានពន្ធដារឱ្យចូលបម្រើការងារ ក្នុងករណីចាំបាច់។

រាល់ការជ្រើសរើសមន្ត្រី ទាំងមន្ត្រីស្ថិតក្នុងក្របខ័ណ្ឌ ទាំងមន្ត្រីដែលមិនស្ថិតក្នុងក្របខ័ណ្ឌមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានពន្ធដារ ចាប់ពីមុខតំណែងអនុប្រធាននាយកដ្ឋានចុះ ត្រូវឆ្លងកាត់គណៈកម្មការជ្រើសរើស នៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

មាត្រា៦..មន្ត្រីនៃអង្គភាពនេះត្រូវជ្រើសរើសក្នុងចំណោមមន្ត្រីពន្ធដារដែលទទួលបាននីតិសម្បទាជាមន្ត្រីនគរបាល យុត្តិធម៌និងភ្នាក់ងារនគរបាលយុត្តិធម៌ ដោយអនុលោមតាមមាត្រា២២៩នៃច្បាប់ស្តីពីសារពើពន្ធ ហើយដែល ត្រូវបានតែងតាំងឱ្យទទួលតួនាទីជាប្រធាននិងអនុប្រធានអង្គភាព ប្រធាននិងអនុប្រធានការិយាល័យ ព្រមទាំង មន្ត្រី នៃអង្គភាពសវនកម្មពន្ធដារពិសេសនេះ ត្រូវអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួន ស្របតាមបទប្បញ្ញត្តិនៃ អនុក្រឹត្យនេះ។

ជំពូកទី៣ អន្តរប្បញ្ញត្តិ

មាត្រា៧…សហគ្រាសដែលត្រូវផ្ទេរឱ្យស្ថិតក្រោមសមត្ថកិច្ចរបស់អង្គភាពសវនកម្មពន្ធដារពិសេស អាចជាសហគ្រាស ដែលស្ថិតក្នុងចំណោមសហគ្រាសដែលទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទមាស និង សហគ្រាសផ្សេងទៀត តាមរយៈគណៈកម្មការដែលត្រូវបង្កើតដោយអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

មាត្រា៨..អង្គភាពសវនកម្មពន្ធដារពិសេសអាចស្នើសុំទៅអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីពិនិត្យនិង ដោះស្រាយបញ្ហានៅសេសសល់ និងពុំទាន់ត្រូវបានបញ្ចប់ពាក់ព័ន្ធនឹងការធ្វើសវនកម្មពន្ធដារកន្លងមករបស់ សហគ្រាសដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយសហការជាមួយអង្គភាពពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋាន ពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ជំពូកទី៤ អវសានប្បញ្ញត្តិ

មាត្រា៩..

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print