ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ស្ត្រីម្នាក់ឈ្មោះ លីវ ឈីវហ៊ួង ហៅជីជី ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមអំណាចដីកាបង្គាប់ ក្នុងករណីចែកចាយគ្រឿងញៀននៅក្រុងបាត់ដំបង យកមកសាកសួរដេីម្បីចាត់ការតាមច្បាប់។
លោកស្នងការខេត្តបាត់ដំបងបានឱ្យដឹងទៀតថា កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ធ្ឆ្នាំ២០២៤ម្សិលមិញនេះ នៅចំណុចភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងក្នុងការិយាល័យចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជនម្នាក់តាមអំណាចដីកាលេខ៦៥២តព្រ ចុះថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២៤ របស់ចៅក្រុម ជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង ហៃ ណៃហេង ដោយបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជនឈ្មោះ លីវ ឈីវ ហ៊ួង ហៅជីជី ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបងជាប់ចោទពីបទសម្រួលឱ្យប្រើប្រាស់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបងកាលពីថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។
បច្ចុប្បន្នជនសង្ស័យ នៅព្រឹកថ្ងៃពុធទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ ត្រូវបានសមត្ថកិច្ចរៀបចំឯកសារបញ្ជូនទៅតុលាកាអនុវត្តតាមនីតិវិធី៕អរុណរះ