ទៅហៅដាស់ក្មួយឱ្យរកទៅទិញអីវ៉ាន់ស្រាប់តែស្លាប់រឹងស្តូកបាត់

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់បានទៅដាស់ហៅក្មួយបំណងឱ្យទៅជួយរកទិញអីវ៉ាន់សម្រាប់ទុកលក់ដូរបែរជាប្រទះឃើញដេកស្លាប់រឹងស្តូកបាត់ទៅហើយ ស្រែកផ្អើលឆោឡោ រាយការណ៍ទៅមេភូមិ សមត្ថកិច្ច កាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង ជាប់របងវត្តទួលសុភាឃួន ក្រុមទី៥ ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពមានឈ្មោះ ហុិន ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រផលិតខ្សែភ្លើង ស្នាក់នៅផ្ទះជួលជាមួយបងប្អូន នៅចំណុចកើតហេតុ មានស្រុកកំណើតភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

តាមការរៀបរាប់ពីក្រុមគ្រួសារ បានឱ្យដឹងថា នៅវេលាម៉ោង៨យប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ជនរងគ្រោះត្រឡប់មកពីធ្វើការងារវិញ ហូបបាយរួចក៏ចូលដេកសម្រាកក្នុងបន្ទប់បាត់ទៅ បងប្អូន ក្រុមគ្រួសារ គ្មានអ្នកណាចាប់អារម្មណ៍ ព្រោះជនរងគ្រោះក៏មិនប្រាប់ ឬត្អូញ ថាឈឺ មិនស្រួលខ្លួនអ្វីដែរ ពោលជាធម្មតា លុះនៅវេលាម៉ោង៥ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ អ៊ុំស្រីហៅដាស់ ក្នុងបំណងឱ្យជនរងគ្រោះទៅរកទិញអុីវ៉ាន់សម្រាប់លក់ដូរ ស្រាប់តែប្រទះឃើញដេកស្លាប់ទៅវិញ ទើបបង្កឱ្យភ្ញាក់ផ្អើល ឆោឡោ រាយការណ៍ទៅមេភូមិ សមត្ថកិច្ច ។

...

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញស្នងការក្រុងភ្នំពេញ ចុះទៅពិនិត្យកោសល្យវិច័យ មុននឹងប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print