ខេត្តសៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីក្នុងពិធី បញ្ចុះបឋមសិលាសាងសង់សារមន្ទីរសម្តេចព្រះព្រហ្មរតនមន្នី ពិន សែមរាជបូព៌ ដែលមានទីតាំងស្ថិតនៅភូមិ វត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មានដូចខាងក្រោម៖
-សម្តេចធិបតី ថ្លែងថា ព្រះពុទ្ធសាសនាបានដើរតួនាទី យ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលបញ្ញាស្មារតី ហើយជាថ្នាលមួយបណ្តុះនូវបញ្ញវន្ត សម្រាប់ការអភិវឌ្ឍប្រទេសជាតិផងដែរ។
-សម្តេចធិបតី ថ្លែងថា សង្រ្គាមមិនត្រឹមតែធ្វើឲ្យប្រជាពលរដ្ឋបែកបាក់កូនចៅ ប្តី ប្រពន្ធ ឱពុកម្តាយប៉ុណ្ណោះទេ សូម្បីតែរូបចំឡាក់ខ្មែរក៏ត្រូវបានបែកបាក់ផងដែរ ទោះយ៉ាងណាពេលនេះប្រទេសមានសុខសន្តិភាពព្រលឹងដូនតាយើងដែលបានធ្វើចេញពីថ្ម ក៏បានកំពុងមកវិលត្រឡប់មកវិញជាបន្តបន្ទាប់។
-សម្ដេចធិបតី ថ្លែងថា ឱ្យមើលបញ្ហាជាតិ គឺជាវិញ្ញាសា ដើម្បីរកវិធីសាស្រ្តដោះស្រាយរួមគ្នា។
-សម្តេចធិបតី ថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គប្បី រួមគ្នាថែទាំ និងអភិរក្សសម្បត្តិវប្បធម៌ដែលដូនតាខ្មែរបន្សល់ទុកឲ្យ ដើម្បីជាការទាក់ទាញឲ្យកាន់ តែសម្បូរបែបបន្ថែមទៀត សម្រាប់វិស័យទេសចរណ៍នៅកម្ពុជា។
-សម្ដេចធិបតី ថ្លែងថា នៅឆ្នាំទី១ នៃការកាន់តំណែងរបស់សម្ដេចជានាយករដ្ឋមន្រ្ដីនេះ សម្ដេចយកចិត្តទុកដាក់ខ្លាំងលើការរៀបចំរចនាសម្ព័ន្ធតាមក្រសួងស្ថាប័ន និងជំនួបនានានៅក្រៅប្រទេស ប៉ុន្ដែចាប់ពីឆ្នាំទី២ ទៅសម្ដេចនឹងចុះទៅដោយផ្ទាល់នៅថ្នាក់ក្រោមជាតិ ហើយការចុះទៅនេះគឺនឹងមិនប្រាប់ឱ្យដឹងមុនឡើយ។
-សម្តេចធិបតី ថ្លែងថា រហូតដល់ពេលនេះកម្ពុជាបានរំដោះគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលសល់ពីសម័យសង្រ្គាមបានចំនួនជាងបីពាន់គីឡូម៉ែត្រការ៉េ ខណៈនៅសល់ជាងមួយពាន់គីឡូម៉ែត្រការ៉េទៀតកម្លាំងជំនាញកំពុងបន្តរំដោះបន្ថែមទៀត ដើម្បីសុវត្ថិភាព របស់ប្រជាជនខ្មែរទាំងមូល។
-សម្តេចធិបតី ថ្លែងរំលឹកជាថ្មីម្តងទៀតថា «កត្តាសន្តិភាព»នៅតែសំខាន់សម្រាប់កម្ពុជា និងមនុស្សជាតិទាំងមូលនៅលើពិភពលោក។ សុខសន្តិភាពបានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍជាបន្តបន្ទាប់។
-សម្តេចធិបតី ថ្លែងថា វិស័យទេសចរណ៍ដូចគ្នាទៅនឹងវិស័យកសិកម្មយ៉ាងដូច្នេះដែរពោលគឺមានរដូវរបស់វា។ ការលើកឡើងរបស់សម្តេចធិបតី នេះគឺឆ្លើយតបទៅនឹងការរិះគន់នានាចំពោះភាពស្ងៀមស្ងាត់ភ្ញៀវទេសចរនៅខេត្តសៀមរាប។
-សម្ដេចធិបតី ថ្លែងបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងព៏ត៌មាន ដកអាជ្ញាប័ណ្ណសារព័ត៌មានទាំងឡាយណាដែលប្រព្រឹត្តល្មើស ក្រមសីលធម៌វិជ្ជាជីវៈ។
-សម្ដេចធិបតី ថ្លែងអំពាវនាវឱ្យសាធារណជនប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមប្រកបដោយការទទួលខុសត្រូវ។
-សម្ដេចធិបតី បានចាត់ទុកបញ្ហាដែលបានកើតឡើងក្នុងពេលសម្ដេចកំពុងដឹកនាំនេះគឺជាវិញ្ញាសាដែលត្រូវដោះស្រាយដើម្បីឱ្យបានប្រសើរជាងមុន។
-សម្ដេចធិបតី ប្រកាសណែនាំឱ្យគិតគូមុនគេ លើការងារបដិសណ្ឋារកិច្ចជូនភ្ញៀវទេសចរណ៍ឱ្យបានល្អ លឿន ងាយៗ។
សូមជម្រាបជូនថា ការសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម គ្រោងថវិកាចំណាយ១,០៣៩,៦៦០.៧៩ ដុល្លារអាមេរិក (មិនរាប់បញ្ចូលការរចនាទូតាំង និងការលំអ ខាងក្នុងអគារ) ដោយប្រើប្រាស់រយៈពេល២៤ខែ។
ស្ថាបត្យកម្មគម្រោង ប្លង់ស្ថាបត្យកម្មរចនាបទខ្មែរ មានទំហំបណ្តោយ ៣៤ម៉ែត្រ ទទឹង២៦.៦ម៉ែត្រ កម្ពស់ពីរជាន់ (ជាន់ផ្ទាល់ដី និង ជាន់ទីមួយ) គូសដោយមន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា ដោយមានការឯកភាពពី សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម។ អត្ថប្រយោជន៍ នៃសារមន្ទីរវត្តរាជបូណ៌ គឺរួបរួមកម្លាំងជាតិតែមួយ ដើម្បីការពារសម្បត្តិបេតិកភណ្ឌជាតិ រវាងស្ថាប័នពុទ្ធចក្រ និងអាណាចក្រ និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកកាន់តំបន់រមណីយដ្ឋាន នៃប្រទេសកម្ពុជា៕ដោយ៖តារា