ខេត្តពោធិ៍សាត់៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះថា៖ បញ្ហាអាកាសធាតុបានបង្កការលំបាកសម្រាប់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។
នាយឧត្តមសេនីយ៍ ឈុំ សុជាត បានគូសបញ្ជាក់ថា រហូតដល់ព្រឹកថ្ងៃទី១៨ ខែកក្កដានេះ នៅតំបន់នោះ ជាពិសេសចំណុចថ្មដា មេឃកំពុងភ្លៀងខ្លាំងនៅឡើយ ខណៈដែលមានទឹកជន់ជោរនៅតាមអូរ ស្ទឹងមួយចំនួន ដែលរំខានដល់ការរុករក។
សូមជម្រាបថា រហូតដល់ថ្ងៃទី១៨ ខែកក្កដានេះ ជាប្រតិបត្តិការថ្ងៃទី៦ហើយ នៃការរុករកឧទ្ធម្ភាគចក្រយោធា ដែលបានបាត់ដំណឹង ពេលកំពុងហ្វឹកហ្វឺន ដែលមកដល់ពេលនេះ មិនទាន់រកឃើញចំណែក ឬតម្រុយណាមួយ ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ និងមនុស្ស២នាក់ ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រនេះនៅឡើយទេ។
ទោះជាយ៉ាងនេះក្តី ទោះបីជាមានឧបសគ្គបង្កឡើងដោយសារកត្តាភូមិសាស្ត្រ អាកាសធាតុ និងទឹកជន់តាមដងអូរស្ទឹងក៏ដោយ កម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ នៅតែបន្តខិតខំស្វែងរក និងបានប្តេជ្ញាចិត្តខ្ពស់ក្នុងការរុករកឱ្យឃើញក្នុងពេលឆាប់ៗខាងមុខនេះ៕
ដោយ៖តារា