ខេត្តឧត្តរមានជ័យ៖ លោក មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានថ្លែងថា ទោះបីជាមាន ឬក្រ ការធានានូវសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋគឺជាចំណុចអាទិភាពទីមួយរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ។
លោកអភិបាលខេត្តរូបនេះ បានគូសបញ្ជាក់ថា៖ ថ្ងៃនេះ ខ្ញុំបាទបានដឹកនាំកិច្ចប្រជុំលើកដំបូងនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ ប្រមូលផ្តុំនូវគ្រប់បញ្ហាប្រឈមដែលបានកើតមាននៅតាមបណ្ដាក្រុង ស្រុក ឃុំ សង្កាត់ និងព្រំដែន ដើម្បីធ្វើការដោះស្រាយជារួម ធានាឱ្យបាននូវភាពកក់ក្តៅជូនប្រជាពលរដ្ឋទូទាំងខេត្តឧត្តរមានជ័យ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាលខេត្ត មានកិត្តិយសសូមប្រកាសជាសាធារណៈជូនដល់បងប្អូនដែលមានបញ្ហានៅក្នុងខេត្តឧត្តរមានជ័យ សូមបើកទទួលនូវគ្រប់សំណូមពរតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនេះ បន្ថែមលើយន្តការរដ្ឋបាលដែលមានស្រាប់៕ដោយ៖តារា