ខេត្តសៀមរាប ៖ នាថ្ងៃព្រហស្បតិ៍ទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យសិក្សាទម្លាក់តម្លៃចំណតយន្ដហោះ នៅរដូវទេសចរណ៍ទាប ឬ Low season ហើយរដ្ឋាភិបាលសុខចិត្ដខាតចំណូលមួយចំនួន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យដាក់ចេញវិធានការជាបន្ដបន្ទាប់ នៅរដូវកាលទេសចរណ៍ទាប ដូចជាការបញ្ចុះតម្លៃសំបុត្រ ចូលទស្សនាអង្គរ ផងដែរ។ បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត ចាប់ពីខែមិថុនា ជារដូវកាលទេសចរណ៍ទាប។
សូមបញ្ជាក់ថា ៖ ការណែនាំបែបនេះធ្វើឡើង ក្នុងឱកាសដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត អញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរមួយ នៅខេត្តសៀមរាប។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកថា កន្លងទៅ បានចរចា ជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្ដហោះថ្មី នៅខេត្តសៀមរាប កុំយកលុយថ្លៃធ្វើដំណើរ លើផ្លូវពីព្រលានយន្ដហោះ មកកាន់ផ្លូវជាតិលេខ៦ ដែលជាគម្រោង BOT។
«កាត់បន្ថយចំណាយរបស់ព្រលានដល់យន្តហោះ កាលមុនហោះមកយើងមានសួយសារ ចឹងខ្ញុំឲ្យកាត់ពាក់កណ្ដាល ហើយនៅសល់ប៉ុន្មាន យើងគិតគូរមើល បើយន្ដហោះណា ដឹកភ្ញៀវបានលើសពី៨០ភាគរយ ទម្លាក់យ៉ាងម្ដេច ឲ្យកាន់តែទាប»។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យរៀបចំផែនការ សម្រាប់ឆ្នាំ២០២៥ ដើម្បីដាក់ចេញទិសដៅទាក់ទាញទេសចរណ៍ មកកាន់ខេត្តសៀមរាប ទាំងរដូវទេសចរណ៍ច្រើន និងរដូវទេសចរណ៍ទាប។
បើតាមសម្ដេចបញ្ជាក់ថា មុនដំណាក់កាលកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញទិសដៅទេសចរណ៍១១លាននាក់ តែទទួលបានត្រឹម៧លាននាក់ ដូច្នេះត្រូវខិតខំប្រឹងប្រែងបន្ដទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងទៀតថា ៖ «យើងមិនអាចរំពឹងតែទេសចរណ៍មួយទេ» ក្នុងខេត្តសៀមរាប ដោយបានលើកឡើងពីគំនិតក្នុងការទាក់ទាញរោងចក្រឧស្សាហកម្មមកខេត្តសៀមរាបដើម្បីបង្កើនចំណូលក្នុងខេត្ត។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ទៅមុខទៀតរាជរដ្ឋាភិបាលក៏គិតជំរុញកន្លែងណាធ្វើឧស្សាហកម្មបានសម្រាប់អ្នកសៀមរាបទៀត»។
សម្ដេចធិបតីបន្ថែមថាការបង្កើតរោងចក្រឧស្សាហកម្មនៅក្នុងខេត្តសៀមរាបមិនត្រឹមតែផ្តល់ការងារដល់ប្រជាពលរដ្ឋក្នុងខេត្តទេ ថែមទាំងអាចផ្ដល់ការងារដល់ខេត្តជុំវិញផងដែរ៕