ខេត្តក្រចេះ៖ ថ្ងៃព្រហស្បតិ៍ ១៣កើត ខែអាសាឍ ឆ្នាំ រោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខា ភិបាល អមដំណើរដោយប្រតិភូក្រសួងសុខាភិបាល ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសុខាភិ បាល នៅមន្ទីរពេទ្យបង្អែកឆ្លូង មន្ទីរពេទ្យខេត្តក្រចេះ និងមណ្ឌលសុខភាពថ្មគ្រែ និងសំណេះសំណាលសួរសុខ ទុក្ខ ផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តក្រចេះ ។
ក្នុងឱកាសចុះពិនិត្យនេះដែរសាស្រ្តាចារ្យរដ្ឋមន្រ្តីកោត សរសើរ ជូនចំពោះមន្រ្តីសុខាភិបាល ដែលបានបម្រើវសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងក្រមសីលធម៌វិជ្ជាជីវៈ ។ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានកត់សម្គាល់មានការរីកចម្រើនក្នុងវិស័យសុខាភិបាល ទាំងផ្នែក ហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត និងធនធានមនុស្ស។ ក្នុងនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំ និងបានលើកទឹកចិត្តដល់មន្រ្តីសុខាភិបាល ត្រូវតែខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល និងនវានុវត្តន៍។
ក្នុងឱកាសនេះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាលជាមួយមន្រ្តីសុខាភិបាល និងបានផ្តល់អនុប្រសាសន៍មួយចំនួនជាគន្លឹះ សម្រាប់និរន្តរភាពនៃការអភិវឌ្ឍន៍ខ្លួនក្នុងការបម្រើវិស័យសុខាភិបាល៖
១) បន្តខិតខំរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំសណ្តាប់ធ្នាប់ សម្ភារបរិក្ខារវេជ្ជសាស្រ្ត និងធនធានមនុស្សដែលមានជំនាញច្បាស់លាស់ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។
២) ត្រូវបន្តខិតខំបន្ថែមទៀតក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវ និងត្រូវជំរុញការបណ្តុះបណ្តាលដល់មន្រ្តីជំនាញបន្ថែមទៀត ដោយត្រូវបញ្ជូនទៅចូលរួមនៅមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យថ្នាក់ជាតិ។
៣) ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ផ្នែក គ្រប់លំដាប់ថ្នាក់ និងដៃគូអភិវឌ្ឍន៍ទាំងអស់នៅក្នុងខេត្ត ជំរុញបង្ខិតសេវាថែទាំសុខភាពឱ្យគៀកប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សេវាសុខាភិបាល និងសុខភាពសហគមន៍ នៅខេត្តក្រចេះ ក៏ដូចជាទូទាំងប្រទេសកម្ពុជា។
ជាចុងក្រោយសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងការអរគុណ វាយតម្លៃខ្ពស់ដល់មន្រ្តីសុខាភិបាលនៅខេត្តក្រចេះ និងផ្តាំផ្ញើដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងមន្រ្តីសុខាភិបាលទាំងអស់ត្រូវ មានស្មារតីរួបរួមគ្នា ចេះជួយ គ្នា ចេះសម្របសម្រួល ចេះកែសម្រួលគ្នា សាមគ្គីភាព គោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផល ប្រយោជន៍រួមធានាការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល៕