បញ្ហាសុខភាព អាចធ្វើឲ្យ លោក ចូ បៃដិន ទទួលស្គាល់ថាប្រហែលជាត្រូវបោះបង់ចោលការប្រកួត

ចែករំលែក៖

សារព័ត៌មាន Reuters និង New York Times កាលពីថ្ងៃទី១៨ ខែកក្កដា បានផ្សាយថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចាប់ផ្ដើមទទួលយក គំនិតដែលថារូបលោកនឹងមិនអាចឈ្នះនៅក្នុងការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខនោះទេ ហើយប្រហែលជាអាចនឹងត្រូវដកខ្លួនចេញពីការប្រកួត។

New York Times ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមនុស្សជាច្រើននាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ចូ បៃដិន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ក្នុងចំណោមមនុស្សទាំងនោះ មានមនុស្សម្នាក់បាននិយាយថាលោកប្រធានាធិបតី បៃដិន មិនទាន់បានធ្វើការសម្រេចចិត្តថានឹងដកខ្លួន ពីការប្រកួតនោះឡើយ។ តែមនុស្សម្នាក់ទៀតបាននិយាយថាការពិតនឹងត្រូវលាតត្រដាង ហើយវានឹងមិនមែនជារឿងភ្ញាក់ផ្អើលអ្វីទេ ប្រសិនបើលោក បៃដិនប្រកាស ក្នុងពេលឆាប់ៗនេះពីការគាំទ្រអនុប្រធានាធិបតី លោកស្រី Kamala Harris ជាអ្នកជំនួសកន្លែងរបស់លោក។
ក៏ប៉ុន្តែ នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ MSNBC សហប្រធានដឹកនាំក្រុមការងារយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក បៃដិន គឺលោក Cedric Richmond បានអះអាងថាសេចក្ដីរាយការណ៍របស់ New York Times គឺខុសទាំងស្រុង ហើយថាលោក បៃដិនបានបញ្ជាក់រួចហើយថាលោកនឹងបន្តឈរឈ្មោះ។
គួរបញ្ជាក់ថា លោក ចូ បៃដិន មានអាយុ៨១ឆ្នាំ និងបច្ចុប្បន្ន កំពុងធ្វើចត្តាឡីស័កក្រោយឆ្លងកូវីដ១៩ កំពុងប្រឈមមុខនឹងសម្ពាធ និងការអំពាវនាវកាន់តែច្រើនពីសមាជិក នៅក្នុងជួរគណបក្សប្រជាធិបតេយ្យ ឱ្យរូបលោកដកខ្លួនចេញពីការប្រកួត នៅបន្ទាប់ពីលោក បៃដិន ធ្វើមិនបានល្អក្នុងវេទិកាតស៊ូមតិជាមួយលោក ដូណាល់ ត្រាំ កាលពី ខែមិថុនាកន្លងទៅ។ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរ សមាជិកព្រឹទ្ធសភាអាមេរិកប្រចាំរដ្ឋ Montana លោក Jon Tester បានក្លាយជាសមាជិកព្រឹទ្ធសភាទី២ មកពី គណបក្សប្រជាធិបតេយ្យដែលអំពាវនាវឱ្យលោក បៃដិន ដកខ្លួនចេញពីការប្រកួត បន្ទាប់ពីការអំពាវនាវដូចគ្នានេះដែររបស់លោក Peter Welch ជាសមាជិកព្រឹទ្ធសភា អាមេរិកប្រចាំរដ្ឋ Vermont៕

...

រូប​ថត​: New York Times

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print