លំនៅដ្ឋានប្រជាពលរដ្ឋចំនួន២០ខ្នង​ និងស្រូវពង្រោះ ជិត៥០ហិកតាកំពុងលិចលង់នៅឃុំស្នំក្រពើ ស្រុកគងពិសី

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ អភិបាលខេត្តកំពង់ស្ពឺ​ លោក ជាម ច័ន្ទសោភ័ណ បានណែនាំឱ្យមន្ទីរជំនាញពន្លឿនការបើកមុខទឹកឱ្យបានធំដើម្បីសម្រួលចរន្តទឹក ខណៈលំនៅដ្ឋានពលរដ្ឋ២០ខ្នង និងស្រូវពង្រោះជិត​ ៥០ហិកតា​ បានលិចដោយជំនន់ទឹកភ្លៀង។ ការណែនាំដូចនេះ​ នៅពេលដឹកនាំមន្ត្រីជំនាញ​ និងអាជ្ញាធរចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅភូមិព្រៃនូក ឃុំស្នំក្រពើ ស្រុកគងពិសី នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។

លោក ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ដោយកត្តា អាកាសធាតុមានការប្រែប្រួល និងដោយរដូវនេះជារដូវវស្សាផងនោះ បានធ្វើឱ្យភ្លៀងធ្លាក់បន្តបន្ទាប់ ហើយបានធ្វើឱ្យទីទំនាបមួយចំនួនត្រូវរងការជន់លិច។​ ជាក់ស្តែងភូមិព្រៃនូក ឃុំស្នំក្រពើ ជំនន់ទឹកភ្លៀងបាននិងកំពុងវាយប្រហារស្រែស្រូវ​ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋអស់ជាច្រើនហិកតា​ និងជាច្រើនខ្នង ហើយទន្ទឹមនោះក៏កំពុងគម្រាមកំហែងផ្លូវលំចូលទៅក្នុងភូមិមួយខ្សែផងដែរ។

លោកអភិបាលខេត្តថា ដើម្បីសង្គ្រោះដំណាំស្រូវ​ និងផ្ទះប្រជាពលរដ្ឋពីជំនន់នេះ មន្ត្រីជំនាញធនធានទឹក​ និងមន្ទីរសាធារណកា​រ​ ត្រូវសហការធ្វើយ៉ាងណាកាយបើក មុខទឹកឱ្យបានធំ ដើម្បីឱ្យទឹកហូរចេញពីភូមិទៅផ្នែកខាងក្រោមឱ្យបានលឿន ប្រយោជន៍អាចសង្គ្រោះស្រូវរបស់ពលរដ្ឋបានមួយផ្នែក។ ហើយជាងនេះទៅទៀតមន្ទីរកសិកម្មត្រូវត្រៀមពួជន៍ឱ្យបានស្រេច​ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋស្តារឡើងវិញនូវផលដំណាំដែលរងការខូចខាតដោយជំនន់នេះ។

ក្នុងឱកាសចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងស្រុកគងពិសីនោះដែរ លោក ជាម ចន្ទ័សោភ័ណ ក៏បានជួប​ និងសំណេះសំណាលជាមួយពលរដ្ឋផងដែរ ដោយក្នុងនោះលោកបានក្រើនរំឭកឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់នេះ ពិសេសកូនចៅ​ និងមនុស្សចាស់ដែលងាយប្រឈមខ្លាំង។​ ទន្ទឹមនោះត្រូវរាយការណ៍ដល់អាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុតឱ្យជួយអន្តរាគមន៍​ ខណៈជួបគ្រោះថ្នាក់ជាយថាហេតុក្នុងគ្រោះទឹកជំនន់នេះ។

លោក ជាម ចន្ទ័សោភ័ណ ប្រាប់ទៅដល់កងកម្លាំងទាំងបីប្រភេទ,មន្ទីរពាក់ព័ន្ធអាជ្ញាធរមូលដ្ឋាន​ត្រៀមលក្ខណៈឱ្យបានស្រេចនូវមធ្យោបាយសរុប កម្លាំងសរុប​ ដើម្បីឆ្លើយតបទៅស្ថានភាពទឹកជំនន់ឱ្យបានទាន់ពេលវេលា​ និងប្រសិទ្ធភាពបំផុត ធ្វើយ៉ាងណាកុំឱ្យប្រជាពលរដ្ឋណាម្នាក់ទទួលរងគ្រោះថ្នាក់ជាយថាហេតុ ហើយមន្ទីរសុខាភិបាលខេត្តក៏ត្រូវត្រៀមថ្នាំសង្កូវ​ ដើម្បីបង្ការសង្គ្រោះពេលជំនន់មកដល់ ពិសេសថ្នាំសត្វអសិរពិសទិច​ ឬខាំ។

...

ចំណែក លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក​ និងឧតុនិយម​ ខេត្តកំពង់ស្ពឺ​ ក៏បានបញ្ជាក់ឱ្យដឹងដែរថា នេះជាជំនន់ទឹកភ្លៀងដំបូងដែលកើតឡើងដោយសារតែភ្លៀងសន្ធាប់៤ថ្ងៃជាប់គ្នានៅផ្នែកខាងលើនៃភូមិសាស្ត្រស្រុកគងពិសី។​ ទីតាំងនេះតែងកើតមានជំនន់ទឹកភ្លៀងជារៀងរាល់ឆ្នាំ ករណីនេះដោយសារតែផ្លូវទឹកត្រូវបានរួមតូច ចរន្តទឹកមិនអាចហូរបានលឿន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print