ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានប្រជុំដាក់ផែនការ ផ្សព្វផ្សាយដល់មន្ត្រីក្រោមឪវាទ ស្ដីពីព្រឹត្តិការណ៍បើកការដ្ឋាន ព្រែកជីក “ហ្វូណនតេជោ” ជាព្រឹត្តិការណ៍ប្រវិត្តសាស្ត្រ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នាពេលខាងមុខនេះ។
កិច្ចប្រជុំបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា និងមានការចូលរួមពីលោកអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ គណៈនាយករដ្ឋបាល លោក-លោកស្រីប្រធាន អនុប្រធានការិយាល័យទាំង១១ លោក-លោកស្រីចៅសង្កាត់ទាំង០៨ លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង០៨ និងមន្រ្តីពាក់ព័ន្ធ។
នៅក្នុងកិច្ចប្រជុំនេះដែរលោក ថេង សុថុល អភិបាលខណ្ឌ៧មករា មានប្រសាសន៍ថា សូមមន្ត្រីនៅទូទាំងខណ្ឌ និងសង្កាត់ បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឲ្យចូលរួមអបអរសាទរ នៅព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ការបើកការដ្ឋាន “ព្រែកជីកហ្វូណនតែជោ” នឹងរៀបចំការទូងស្គរ និងវិធីផ្សេងៗទៀតតាមលទ្ធិភាព ដើម្បី ជាការអបអរសាទរជារាជរដ្ឋាភិបា នៅថ្ងៃបើកការដ្ឋាន គម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនេះ ។ រដ្ឋបាលខណ្ឌ ក៏បានបំផុសចលនា ដល់ពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនទាំងអស់ ឱ្យចូលរួមវាយប៉ោត និងបង្កសម្លេងឃោនស័ព្ទនានា ដើម្បីជាការចូលរួមឱ្យបានអធិកអធ័មទាំងអស់គ្នា ។
លោកអភិបាល បានសង្កត់ធ្ងន់ថា គម្រោងព្រែកជីកហ្វូណនតេជោ នេះ គឺជានេះជាស្នាដៃ និងជាកេរដំណែល ដែលប្រមុខថ្នាក់ដឹកនាំរបស់កម្ពុជានាពេលបច្ចុប្បន្ន បានគិតគូរប្រកបដោយកិត្តិបណ្ឌិត ដើម្បីកសាងព្រែកជីកដ៏មហាអស្ចារ្យនេះឡើងមក ។ ព្រែកជីកនេះ គឺបន្សល់ទុកសម្រាប់កូនចៅក្នុងពេលបច្ចុប្បន្ន និងបន្តទៅកូនចៅនាពេលខាងមុខ រ៉ាប់រយរ៉ាប់ពាន់ជំនាន់។
សូមបញ្ជាក់ផងដែរនៅថ្ងៃទី៥ សីហា ដដែលនោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងរៀបចំព្រឹត្តការណ៍ដ៏ធំមួយនៅកោះពេជ្រ គឺការប្រគុំតន្ត្រីដែលមានអ្នកចូលរួមប្រមាណ១ម៉ឺននាក់ជាមួយ និងការបាញ់កាំជ្រួចយ៉ាងគគ្រឹកគគ្រេង ផងដែរ ។ ពលរដ្ឋទូទៅ ក៏អាចអញ្ចើញទៅលេងកម្សាន្តនៅទីនោះ ដើម្បីជាការអបអរសាទរ ជាមួយក្រុមមន្ត្រីនៅទីនោះផងដែរ ៕ដោយ៖ រ៉ារ៉ា