សកម្មភាពការងារនិងគោលការណ៍ណែនាំសំខាន់ៗរបស់ លោកអភិសន្តិបណ្ឌិត ស សុខា សប្ដាហ៍ទី៣ ខែកក្កដា ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ ផ្ដើមពីថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទទួលស្វាគមន៍ លោកឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ដើម្បីជួបពិភាក្សាការងារទ្វេភាគី នៅទីស្ដីការក្រសួងមហាផ្ទៃ។ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងកងកម្លាំងអនុវត្តច្បាប់ នៃប្រទេសទាំងពីរ ជាពិសេសការផ្លាស់ប្តូរព័ត៌មានអំពីសភាពការណ៍សន្តិសុខ និងដោះស្រាយបញ្ហាផ្សេងៗនៅតាមព្រំដែន ដើម្បីរួមចំណែកដល់ការរក្សាសន្តិសុខ ស្ថិរភាព និងសុវត្ថិភាពសង្គម គាំទ្រ និងបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

នាថ្ងៃចន្ទ ទី១៥ ខែកក្កដា លោកអភិសន្តិបណ្ឌិត បានអញ្ជើញសម្ពោធអគាររក្សាទុករថយន្តនាំក្បួន ម៉ូតូហែរអម ការពារគណៈប្រតិភូជាន់ខ្ពស់ជាតិ និងអន្តរជាតិ និងការិយាល័យបម្រើការរបស់កងកម្លាំងនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សមិទ្ធផលនេះ មានតម្លៃជាង៣លានដុល្លារអាម៉េរិក។ លោកអភិសន្តិបណ្ឌិត បានសរសើរ នាយកដ្ឋានអង្គរក្ស ដែលបំពេញតួនាទីថ្វាយព្រះរាជសុវត្ថិភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជូនឥស្សរជនជាតិកំពូលៗ ឥស្សរជនជាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលបរទេស និងព្រឹត្តិការណ៍ធំៗ ដូចជា កិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០២២ ព្រឹត្តិការណ៍ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ជាដើម។ លោកអភិសន្តិបណ្ឌិត បានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានអង្គរក្ស ខិតខំអភិវឌ្ឍសមត្ថភាព និងចំណេះដឹងដល់មន្រ្តីគ្រប់ថ្នាក់ លើកិច្ចការស្នូល ដើម្បីឆ្លើយតបនឹងបរិបទនៃការវិវត្តប្រែប្រួល និងបទពិសោធ ដែលបានកើតឡើងទាំងក្នុង និងក្រៅប្រទេស ពាក់ព័ន្ធសន្តិសុខ និងកិច្ចការពារសុវត្ថិភាព យកចិត្តទុកដាក់ពង្រឹងការអនុវត្តវិន័យ និងក្រមសីលធម៌ ថែរក្សា និងលើកតម្កើងសេចក្ដីថ្លៃថ្នូរ របស់កងកម្លាំងនគរបាលជាតិ និងដើម្បីទទួលបាននូវការស្រឡាញ់គាំទ្រចូលចិត្តពីសាធារណជន។ 

ឈានចូលថ្ងៃទី១៦ ខែកក្កដា លោកអភិសន្តិបណ្ឌិត បានអញ្ជើញប្រកាសចូលកាន់មុខតំណែងរដ្ឋលេខាធិការថ្មីចំនួន៤រូប រួមមាន លោក គង់ សោភ័ណ្ឌ លោក ងួន រតនៈ លោក អ៊ូច ភា រួមទាំងលោក ស្វាយ សំអ៊ាង។ លោកអភិសន្តិបណ្ឌិត មានប្រសាសន៍ថា តួនាទីជារដ្ឋលេខាធិការក្ដី អនុរដ្ឋលេខាធិការក្ដី មិនអាចធ្វើត្រឹមតែការងារគ្រីស ឬចុះហត្ថលេខាចម្លងឯកសារនានាពីអង្គភាពជំនាញឡើងមករដ្ឋមន្រ្តីឡើយ គឺត្រូវតែមានការទទួលខុសត្រូវកម្រិតនយោបាយ ដើម្បីធានាថា កិច្ចការ ឬសំណើរបស់អង្គភាពដែលខ្លួនទទួលបន្ទុកបានធ្វើ និងលើកមក ពិតជាត្រឹមត្រូវតាមច្បាប់ និងគោលការណ៍ បម្រើផលប្រយោជនជាតិ និងប្រជាជន។ លោកអភិសន្តិបណ្ឌិត បានណែនាំរដ្ឋលេខាធិការ អនុរដ្ឋលេខាការ សម្របសម្រួលរៀបចំផែនការតាមដានការងារក្នុងវិស័យរបស់ខ្លួនឱ្យបានច្បាស់លាស់ និងត្រូវលើកកម្ពស់បរិយាកាសនៃការបំពេញការងារប្រកបដោយភាពចុះសម្រុង ពីព្រោះតួនាទី និងភារកិច្ចគ្រប់តួអង្គនៅក្រសួងមហាផ្ទៃដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល គឺដើម្បីសម្រេចគោលដៅរួម ក្នុងការធានាជូនប្រមុខរាជរដ្ឋាភិបាល និងប្រជាជននូវសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងសេវាសាធារណៈផ្សេងៗប្រកបដោយគុណភាព។ 

រសៀលថ្ងៃទី១៦កក្កដាដដែលនោះ លោកអភិសន្តិបណ្ឌិត ក្នុងនាមប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដោយមានការចូលរួមពី លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ សេចក្តីព្រាងច្បាប់ថ្មី ស្តីពីចរាចរណ៍ផ្លូវគោកនេះ ត្រូវបានបន្ថែមថ្មី និងកែសម្រួល ចំនួន ៥២មាត្រា លើ ៩២មាត្រា ដែលក្នុងនោះ ផ្តើមស្នើដោយក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន ៤០មាត្រា ផ្តើមស្នើដោយក្រសួងមហាផ្ទៃ ចំនួន ៥មាត្រា និងផ្តើមស្នើដោយក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ចំនួន៧មាត្រា។ ក្នុងឆមាសទី១ឆ្នាំ២០២៤ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ១ ៥២០លើក ក្នុងនោះ អ្នកស្លាប់មាន៧៩៣នាក់ កើន៣៧នាក់ អ្នករបួសមាន២ ០៧២នាក់ កើន៤៤នាក់។ ក្នុងចំណោម អ្នកស្លាប់សរុបមាន ៧៥ភាគរយ ជាអ្នកជិះម៉ូតូ។ ចំនួនយានយន្តបានចុះបញ្ជី គិតមកដល់ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សរុបចំនួន ៧ ៣៥១ ៩០៦គ្រឿង ក្នុងនោះម៉ូតូចំនួន ៦ ២៤៤ ០៩៦គ្រឿង។

ឈានចូលព្រឹកថ្ងៃទី១៧ ខែកក្កដា លោកអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ស្រ្តីដ៏ឆ្លៀវឆ្លាសក្នុងកិច្ចព្រះពុទ្ធសាសនា បានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សាចំនួន៣៩វត្ត នៃក្រុងស្រុកទាំង១៣ ខេត្តព្រៃវែង ដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម បុព្វការីជន ព្រមទាំងអតីតថ្នាក់ដឹកនាំនិងមន្រ្តីរាជការខេត្ត ដោយពិធីនេះបានប្រារព្ធនៅសាលាខេត្តព្រៃវែង។ រសៀលថ្ងៃដដែល ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានបន្តអញ្ជើញបិទវគ្គបណ្តុះបណ្តាលជំនាញរដ្ឋបាលលើកុំព្យូទ័រ កាត់តវីដេអូលើទូរសព្ទដៃ និងកុំព្យូទ័រ ជំនាន់ទី១ និងបើកវគ្គបណ្តុះបណ្តាល ជំនាន់ទី២ របស់ក្រុមការងារយុវជនខេត្តព្រៃវែង។ 

ជាការកត់សម្គាល់ក្នុងឱកាសនោះ លោកអភិសន្តិបណ្ឌិត បានបង្ហើបអំពីការកម្រិតកម្ពស់បេក្ខជន ប្រឡងក្របខណ្ឌមន្ត្រីនគរបាលជាតិ ដោយចាប់ពីឆ្នាំ២០២៥តទៅ បេក្ខជនជាបុរសត្រូវមានកម្ពស់ចាប់ពី ១.៧០ម៉ែត្រ បេក្ខជនជាស្ត្រីត្រូវមានកម្ពស់ចាប់ពី ១.៦៥ម៉ែត្រ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានបង្ហើបទៀតថា ពេលនេះក្រសួងមហាផ្ទៃរៀបចំរួចជាស្រេចនូវលិខិតបទដ្ឋាន និងយន្តការគណៈកម្មការ ដើម្បីត្រៀមអនុវត្តការប្រឡងដោយតម្លាភាព និងចំគោលដៅ ក្នុងនោះមានការ ផ្ដល់អាទិភាដល់បេក្ខជនគ្រប់លក្ខណៈសម្បត្តិនិងមានសមត្ថភាពទាំងឡាយណាដែលមានទីលំនៅក្នុងមូលដ្ឋានដែលមានតម្រូវការក្របខណ្ឌនោះផ្ទាល់ផងដែរ។

បន្តមកដល់ថ្ងៃទី១៨ ខែកក្កដា លោកអភិសន្តិបណ្ឌិត បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៦៦៨នាក់ ដោយក្នុងឱកាសនោះ លោកអភិសន្តិបណ្ឌិត បានប្រកាសផ្ដល់អាវភ្លៀងចំនួន១ម៉ឺនអាវដល់មន្រ្តីនគរបាលចរាចរណ៍ និងមន្រ្តីកិច្ចសន្យាទូទាំងប្រទេស និងបានណែនាំឱ្យបំពេញតួនាទីឱ្យស្របច្បាប់ ដើម្បីចៀសផុតពីការរិះគន់ និងទទួលបានមកវិញនូវការស្រលាញ់ចូលចិត្តពីសាធារណជន។ ក្រៅពីតួនាទីនិងភារកិច្ចស្នូល លោកអភិសន្តិបណ្ឌិត បានលើកទឹកចិត្តឱ្យចូលរួមក្នុងកិច្ចការសង្គម និងសកម្មភាពប្រកបដោយសប្បុរសផ្សេងៗ ដូចជាការជួយយកអាសាអ្នកដំណើរជួបការលំបាក និងជាក់ស្ដែងថ្មីៗនេះ មានមន្រ្តីនគរបាលចរាចរណ៍ម្នាក់ បានលួងលោមនិងសង្គ្រោះដោយជោគជ័យ ករណីជនមានពិការភាពម្នាក់ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន។ បន្តដល់ពេលរសៀល លោកអភិសន្តិបណ្ឌិត បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ដោយបានផ្ដល់គោលការណ៍ណែនាំអំពីរបៀបរបបបំពេញការងារ ការធ្វើរបាយការណ៍ ការទទួលខុសត្រូវតាមជំនាញ និងការរួមចំណែកក្នុងកិច្ចការរួមនានា ដូចជាការចូលរួមផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត និងបានផ្ដល់ការណែនាំលើកិច្ចការអាទិភាពសំខាន់ៗចំពោះមុខរបស់ក្រសួងមហាផ្ទៃមួយចំនួនទៀត។

ជាការកត់សម្គាល់ ក្នុសងសប្ដាហ៍នេះ លោកភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចុះហត្ថលេខាលើលិខិត៣ទំព័រ ផ្ញើទៅកាន់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ទូទាំងប្រទេស ស្ដីពីការពង្រឹងការរៀបចំនិងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ក្នុងន័យដើម្បីធានាតម្លាភាព ភាពមានរបៀបរៀបរយ និងគុណភាព ក្នុងដំណើរការដេញថ្លៃ និងការអនុវត្តគម្រោងដែលប្រើប្រាស់ថវិកាមូលនិធិឃុំ សង្កាត់ បន្ទាប់ពីកន្លងមកមានឃុំ សង្កាត់ខ្លះ បានកើតមានភាពមិនប្រក្រតី និងភាពររញ៉េរញ៉ៃក្នុងដំណើរការដេញថ្លៃ ព្រមទាំងកើតមានការប្ដឹងផ្ដល់ និងផ្សព្វផ្សាយអំពីករណីគ្មានគុណភាពនៃសមិទ្ធផលគម្រោង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print