រដ្ឋមន្រ្តីក្រសួងសុខាភិបាលអញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពនៃការបម្រើសេវាជូនដល់ប្រជាពលរដ្ឋ និងសួរសុខទុក្ខមន្ត្រីសុខាភិបាលក្នុងខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ព្រឹកថ្ងៃសុក្រ ១៤កើត ខែអាសាឍ ឆ្នាំ រោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៤ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាលអមដំណើរដោយប្រតិភូក្រសួងសុខាភិ បាល,លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាល ខេត្តស្ទឹងត្រែង អញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសុខាភិបាល នៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង និងសំណេះសំណាលជា មួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្តស្ទឹងត្រែង។

ក្នុងឱកាសចុះពិនិត្យផ្ទាល់កិច្ចការបំរើសេវាសុខភាព និងសួរសុខទុក្ខមន្ត្រីសុខាភិបាលសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងការកោតសរសើរជូនចំពោះមន្រ្តីទាំងអស់ រួមទាំង អជ្ញាធរ ដែលបានខិតខំប្រឹងប្រែងបំរើផ្តល់ជូនសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុស ត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានកត់សម្គាល់ ឃើញថាមានការរីក ចម្រើនក្នុងវិស័យសុខាភិបាលនៅតំបន់ភូមិភាគឦសាននេះ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត និងធនធាន មនុស្ស។ ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រីបានណែនាំ និងលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបង្កើនសមត្ថ ភាពតាមរយៈការបណ្តុះបណ្តាលជាប់ជាប្រចាំ ពិសេសគឺពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ដោយធានាឱ្យបានការបំរើ និងផ្តល់ជូនសេវាពិនិត្យថែទាំសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌ តាំងពីមណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យបង្អែកខេត្ត។

ឆ្លៀតក្នុងឱកាសនោដែរ ពិធីសំណេះសំណាលត្រូវបានរៀបចំឡើងនៅសាលាខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរង នៃគណៈអភិបាល ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពសាស្រ្តាចារ្យរដ្ឋមន្រ្តី ជួបជាមួយមន្រ្តីសុខាភិបាល រួមទាំងថ្នាក់ដឹកនាំ ដើម្បីទទួលបានអនុសាសន៍ជាគន្លឹះ ពីសាស្រ្តាចារ្យរដ្ឋមន្ត្រី សម្រាប់ការអនុវត្តន៍ការងារឲ្យបានកាន់តែប្រសើរប្រកបដោយនិរន្តរភាព។ ការអភិវឌ្ឍន៍ខ្លួនជាប់ជាប្រចាំក្នុងការបម្រើវិស័យសុខាភិបាល ការបន្តខិតខំរៀបចំហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសលើអនាម័យ សោភណ្ឌភាព ការរៀបចំសណ្តាប់ធ្នាប់  សម្ភារបរិក្ខារវេជ្ជសាស្រ្ត និងលើសពីនេះការរក្សាបានធនធានមនុស្សល្អៗ ដែលមានជំនាញច្បាស់លាស់ ស្រលាញ់វិជ្ជាជីវៈ គឺជាអ្វីដែលត្រូវប្តេជ្ញាចិត្តធ្វើជាប់ជាប្រចាំ ក្នុងនោះត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចសហការអោយបានល្អបំផុត ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ផ្នែក គ្រប់លំដាប់ថ្នាក់ និងដៃគូអភិវឌ្ឍន៍ទាំងអស់នៅក្នុងខេត្ត ដោយជំរុញបង្ខិតសេវាថែទាំសុខភាពឱ្យកាន់តែគៀកប្រជាពលរដ្ឋក្នុងសហគមន៍។

ជាចុងក្រោយសាស្រ្តាចារ្យរដ្ឋមន្រ្តីថ្លែងនូវការអរគុណ វាយតម្លៃខ្ពស់ដល់មន្រ្តីសុខាភិបាលនៅខេត្តស្ទឹងត្រែង និងផ្តាំផ្ញើដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងមន្រ្តីសុខាភិបាលទាំងអស់ត្រូវ មានស្មារតីរួបរួមគ្នា ចេះជួយគ្នា ចេះសម្របសម្រួល ចេះកែសម្រួលគ្នា សាមគ្គី ភាព គោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួមធានា ការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។

ឆ្លៀតក្នុងឱកាសធ្វើដំណើរឆ្ពោះទៅកាន់ខេត្តរតនគិរី សាស្រ្តាចារ្យរដ្ឋមន្រ្តី និងប្រតិភូក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលនៅមណ្ឌល សុខភាពក្បាលរមាស ដែលស្ថិតនៅព្រំប្រទល់ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ដើម្បីចុះសួរសុខទុក្ខ និងណែនាំអំពីការការពារសុខភាពបន្ថែមទៀត ពីជំងឺផ្សេងៗ ជាពិសេក្នុងរដូវភ្លៀងនេះ។

សូមជម្រាបជូនផងដែរថា ខេត្តដែលត្រូវបានចុះពិនិត្យ អំពីស្ថានភាព និងវឌ្ឍនភាពសុខាភិបាល កំឡុងដំណើរបេសកកម្មសាស្រ្តារដ្ឋមន្រ្តីលើកនេះ ចាប់ពីថ្ងៃទី១៨-២០ ខែកក្កដា ឆ្នាំ២០២៤ រួមមានខេត្តក្រចេះ,ស្ទឹងត្រែង,ខេត្តរតនគីរី,មណ្ឌលគីរី និងត្បូងឃ្មុំ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print