បេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បាននិយាយថា លោកមានការហៅទូរស័ព្ទល្អណាស់ជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky នៅថ្ងៃទី 19 ខែកក្កដា។ លោកបានសន្យាជួយបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែនតាមរយៈការចរចា។ លោកប្រធានាធិបតី Zelensky ក៏បានប្រកាសអំពីព្រឹត្តិការណ៍នេះ។
លោកអតីតប្រធានាធិបតីអាមេរិក បានបង្ហោះសារលើប្រព័ន្ធ Truth Social របស់លោក យ៉ាងដូច្នេះថា «ខ្ញុំឱ្យតម្លៃលើលោក ហ្សេលេនស្គី សម្រាប់ការទាក់ទងមកកាន់ខ្ញុំ ព្រោះក្នុងនាមជាប្រធានាធិបតីបន្ទាប់នៃសហរដ្ឋអាមេរិក ខ្ញុំនឹងនាំសុខសន្តិភាពឱ្យពិភពលោកទាំងមូល រួមជាមួយទីបញ្ចប់នៃសង្រ្គាម ដែលបានសម្លាប់មនុស្សអស់យ៉ាងច្រើន ហើយបំផ្លាញគ្រួសារស្លូតត្រង់រាប់មិនអស់»។ លោក ហ្សេលេនស្គី ក៏បានទទួលស្គាល់កិច្ចសន្ទនាខាងលើផងដែរ ដោយនិយាយថា រូបលោកបានយល់ស្របជាមួយលោក ត្រាំ ដើម្បីពិភាក្សាគ្នាអំពីជំហានដែលអាចឆ្ពោះទៅរក សន្តិភាពមួយដែលយុត្តិធម៌ និងឋិតថេរយូរអង្វែងពិតប្រាកដ។
ជ័យជម្នះរបស់លោក ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នាខែវិច្ឆិកាខាងមុខ អាចនឹងបង្កភាពស្រពេចស្រពិលលើការគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោន សម្រាប់អ៊ុយក្រែន ដែលកំពុងតែស្ថិតក្នុងឆ្នាំទី៣ នៃសង្រ្គាមប្រឆាំងការឈ្លានពានរបស់រុស្ស៉ី។ លោក ត្រាំ ធ្លាប់បានអះអាងម្តងហើយម្តងទៀតថា លោកនឹងបញ្ចប់សង្រ្គាមនេះក្នុងពេលដ៏ខ្លី ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ថា តើវាអាចសម្រេចទៅបាន ដោយរបៀបណាឡើយ៕ ដោយធីរីណា
រូបថត: Getty Images