ខេត្តកំពត៖ រដ្ឋបាលខេត្តកំពត នៅព្រឹកថ្ងៃសៅរ៍ទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត បានចេញសេចក្តីជូនដំណឹងស្តីពីការបើកទ្វាររំដោះទឹកចេញពីអាងស្តុកទឹកទំនប់វារីអគ្គិសនីកំចាយ ក្នុងករណីទឹកមានការកើនឡើងដល់កម្ពស់ ១៤៨,០០ម៉ែត្រ។
ជាក់ស្ដែងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត សូមជម្រាបជូនដំណឹងដល់សាធារណៈជន មេត្តាជ្រាបថា ដោយសារកត្តាអាកាសធាតុ ភ្លៀងនៅតែបន្តធ្លាក់រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា ជាពិសេសនៅ តំបន់អាងទឹក នៃស្ថានីយ៍វារីអគ្គិសនីកំចាយ កម្រិតទឹកក្នុងអាងបានបន្តកើនឡើងជាបន្តបន្ទាប់។
តាមការ គូសបញ្ជាក់របស់ក្រុមការងារបច្ចេកទេស នៃទំនប់វារីអគ្គិសនីកំចាយ បានឲ្យដឹងថា នៅពេលកម្រិតទឹកមាន ការកើនឡើងដល់កម្ពស់ ១៤៨,០០ ម៉ែត្រ ក្រុមការងារបច្ចេកទេសនឹងធ្វើការបើកទ្វាររំដោះទឹកចេញពីទំនប់ វារីអគ្គិសនី ដោយសន្សឹមៗ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន៕ដោយ៖តារា