ក្រុមក្មេងដើរលេងដាច់យប់ និងប្រមូលផ្តុំគ្នានៅតាមការ៉ាស់សាំង សួនច្បារ ត្រូវ​សមត្ថកិច្ច​ចុះធ្វើការអប់រំណែនាំឱ្យបំបែកគ្នាត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញពី​សកម្មភាពកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ខណ្ឌ​ បានចុះត្រួតពិនិត្យ ឆែកឆេរក្រុមក្មេងដើរលេងដាច់យប់ ដែលប្រមូលផ្តុំគ្នានៅតាមការ៉ាស់សាំង សួនច្បារ ដោយបានធ្វើការអប់រំណែនាំឱ្យបំបែកគ្នាត្រឡប់ទៅផ្ទះវិញរាងៗខ្លួន នឹងមិនឱ្យប្រមូលផ្តុំគ្នាទៀត។

គួររម្លឹកថា​ លោក​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានណែនាំឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ក៏ដូចកងកម្លាំងសមត្ថកិច្ច បន្តបង្ក្រាបក្មេងទំនើងឲ្យដល់ឬសគល់សំដៅធ្វើយ៉ាងណានៅក្នុងមូលដ្ឋានរបស់ខ្លួនគឺមិនមានក្មេងទំនើង។ ការណែនាំរបស់លោកឃួង ស្រេង បានធ្វើឡើង ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៧​ ខែឧសភា​ ឆ្នាំ​២០២៤កន្លងទៅ​នេះ នៅសាលារាជធានីភ្នំពេញ។

លោ​ក​ ឃួង ស្រេង បានសង្កត់ធ្ងន់ដូច្នេះ «ការបង្ក្រាបក្មេងទំនើង អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចរបស់យើងបានធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ ក្រោយពីពួកគេធ្វើសកម្មភាព គឹកម្លាំងរបស់យើងចាប់បានភ្លាម។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី កងកម្លាំងមានសមត្ថកិច្ចរបស់យើងត្រូវពង្រឹងបន្ថែមទៀតក្នុងការបង្ការទប់ស្កាត់ក្មេងទំនើងទាំងនេះ»។

ជាមួយគ្នានេះ​ លោក​អភិបាល​រាជធានីភ្នំពេញ​ បានប្រាប់ឱ្យអភិបាលខណ្ឌនៅជាប់ព្រំប្រទល់ជាមួយនឹង ស្រុកមួយចំនួននៃខេត្តកណ្ដាលប្រជុំជាមួយអភិបាលស្រុកជាប់ព្រំប្រទល់ ដើម្បីរកវិធានការទប់ស្កាត់ក្មេងទំនើងទាំងនេះ។ បន្ថែមពីនេះក៏ត្រូវសហការជាមួយនឹងនាយកសាលានានានៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីកំណត់ពីមុខសញ្ញាក្មេងទំនើងជាមួយនិងការដាក់កម្លាំងឆែកឆេរទៅលើម៉ូតូសិស្សដែលសង្ស័យថា ជាមុខសញ្ញាក្មេងទំនើង។

លោក​ ឃួង ស្រេង បន្តថា ការបង្ក្រាបក្មេងទំនើង អាជ្ញាធរមានសមត្ថកិច្ច អនុវត្តបានល្អប្រសើរហើយ ប៉ុន្តែអ្វីដែលល្អជាងនេះ គឺការបង្ការទប់ស្កាត់ កុំឲ្យមានក្មេងទំនើងទើបជារឿងដែលល្អបំផុត។ក្រៅពីបង្ក្រាប បង្ការទប់ស្កាត់ក្មេងទំនឿហើយនោះ លោកឃួងស្រេងក៏បានណែនាំឲ្យយកចិត្តទុកដាក់ពិនិត្យអាវុធជាតិផ្ទុះ ពិនិត្យយានយន្តកែច្នៃស៊ីម៉ាំង ការពិនិត្យទីតាំងលក់ កែច្នៃដាវសាំម៉ូរ៉ៃ ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ និងការបង្ក្រាបគ្រឿងញៀនផងដែរ សំដៅធ្វើយ៉ាងណាឲ្យភូមិសង្កាត់ មានសុវត្ថិភាព។

...

គួរបញ្ជាក់ដែរថា​ នាឱកាសនោះ​លោកឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ ក៏បានឱ្យដឹងថា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមានក្រុមក្មេងទំនើងចំនួន១២ក្រុម ហើយក្នុងចំនួន១២ក្រុមនេះកម្លាំងមានសមត្ថកិច្ច បង្ក្រាបបានជាបន្តបន្ទាប់។ ចំណែក​ក្មេងទំនើង​ ដែលនៅ​សេសសល់​នឹងបន្តស្វែងរក​ធ្វេីការបង្រ្កាបជាក់ស្ដែង៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print