ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ បានចាប់ផ្តើមដំណើរការកំណែវិញ្ញាសាសរសេរលើកទី១ នៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាលក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលនេះបង្ហាញពីការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ក្នុងការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា ផ្អែកលើគោល ការណ៍ គុណធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។
ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា (វិញ្ញាសាសរសេរលើកទី១) រយៈពេល ៤ថ្ងៃ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-២០-២១ ខែកក្កដា ឆ្នាំ២០២៤ ត្រូវបានបញ្ចប់ជាស្ថាពរ។
ដំណើរការកំណែសន្លឹកិច្ចការបេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូបឋមសិក្សាគ្រូ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល មានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុក រលួយ ក្រុមការងារអនុគណៈកម្មការជំនាញ និងក្រុមអ្នកសង្កេតការណ៍ជាតំណាងសាកលវិទ្យាល័យ និងសាធារណជនចុះឈ្មោះស្ម័គ្រចិត្ត ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប៕