ក្រសួងមហាផ្ទៃ៖​ គាំទ្រនូវសំណេីរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងបានស្នេីអភិបាលរាជធានី ខេត្ត ផ្តល់កិច្ចសហការ និងសម្របសម្រួល

ចែករំលែក៖

ភ្នំពេញ​៖​ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានឱ្យដឹងនៅថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០២៤នេះថា៖​ ក្រសួងមហាផ្ទៃ បានគាំទ្រនូវសំណេីរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងបានស្នេីអភិបាលនៃគណ:អភិបាលរាជធានី ខេត្ត ផ្តល់កិច្ចសហការ និងសម្របសម្រួលជាមួយ អ.ដ.ក. ដេីម្បីឱ្យ អ.ដ.ក. ផ្សព្វផ្សាយអំពីបេសកកម្មរបស់ខ្លួន និងធ្វេីការរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកទេសនៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនដល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។

ប្រភពដដែលបន្តថា​ ​យោង​តាម​សំណើ​របស់​លោកឧបនាយករដ្ឋមន្ត្រី​ កើត រិទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ និងជាប្រធាន​(អ.ដ.ក.) សុំកិច្ចសហការជាគោលការណ៍​ ដើម្បីអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ចុះធ្វើការជាមួយរដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងគោលបំណងផ្សព្វផ្សាយអំពីបេសកកម្មរបស់ អ.ជ.ក. និងរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកទេសនៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ លោកឧបនាយករដ្ឋមន្ត្រី​ សូមគោរពជម្រាបជូន លោកអភិសន្តិបណ្ឌិត ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី មេត្តាជ្រាបថា ការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជាកិច្ចការអាទិភាពទី១ ក្នុង ចំណោមកិច្ចការអាទិភាពទាំង៣ នៃវិធានការគន្លឹះទី៥ របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដើម្បី “ពង្រឹង និង លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌”។

...

ដើម្បីអនុវត្តកិច្ចការអាទិភាពទី១ នេះ, អាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ដែលជាស្ថាប័នថ្មីមួយ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។ ដោយកិច្ចការនេះ គឺជាអាទិភាពនយោបាយមួយរបស់រាជរដ្ឋាភិបាល និងដើម្បី ឱ្យយន្តការសម្រុះសម្រួលដោះស្រាយវិវាទដោយ អ.ជ.ក. អាចដំណើរការទៅដោយរលូន និងសម្រេចបាន លទ្ធផលខ្ពស់ ក៏ដូចជាដើម្បីពង្រឹងប្រសិទ្ធភាពនៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដោយ រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សាឃុំ សង្កាត់, អ.ដ.ក. សូមស្នើសុំកិច្ចសហការ ជាគោលការណ៍ពីក្រសួងមហាផ្ទៃ ដើម្បី អ.ដ.ក. អាច (ទី១)- ផ្សព្វផ្សាយបញ្ហាបការយល់ដឹងពីបេសកកម្ម របស់ អ.ដ.ក. និងរបៀបនៃការដោះស្រាយបញ្ចប់ជាស្ថាពរនូវវិវាទ តាមរយៈយន្តការរបស់ អ.ដ.ក. ដែល កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទធ្វើឡើងដោយ អ.ដ.ក. មានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់ តុលាការ និង (ទី២)- រៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកទេសនៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្តុលាការជូនដល់រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីនៃការិយាល័យ នីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print