ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ បានអំពាវនាវក្នុងឱកាស ប្រារព្ធពិធីបើកការដ្ឋានសាងសង់ផ្លូវការ “ព្រែកជីកហ្វូណនតេជោ” ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយអគ្គនាយកដ្ឋានទូរទស្សន៍បាយ័ន និងរៀបចំការប្រគំតន្ត្រីនៅក្នុងបរិវេណកោះពេជ្រ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ១៦:០០នាទី តទៅ ដោយមានការចូលរួមពីសិល្បករ-សិល្បការិនីជាច្រើនរូប ព្រមជាមួយការរៀបចំ កម្មវិធីអុជកាំជ្រួចអបអរសាទរផងដែរ។
ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ពិធីបើកការដ្ឋានខាងលើ ឱ្យបានអធិកអធម និងបង្ហាញពីសក្ខីភាពគាំទ្រសាទរ ជាពិសេសសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ “អគ្គមគ្គទេសក៍បិតាស្ថាបនិក សន្តិភាពកម្ពុជា” សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តួចផ្តើមគំនិត ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ក្នុងការសាងសង់ “ព្រែកជីកហ្វូណនតេជោ” ជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា និងបន្តពូនជ្រំអនុវត្តយ៉ាងសស្រាក់សស្រីឱ្យចេញជាសមិទ្ធផលពិតប្រាកដ ទុកជាកេរមរតកដ៏មហាសាលសម្រាប់ ប្រជាពលរដ្ឋ និងប្រទេសកម្ពុជាទាំងមូល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សមត្ថភាព និងភាពឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់សិល្បករ-សិល្បការិនី សូមអញ្ជើញចូលរួមសម្ដែង និងបញ្ចេញទេពកោសល្យដើម្បីបង្ហាញស្មារតីជាតិខ្មែរតែមួយក្រោមម្លប់សន្តិភាពដ៏សែនត្រជាក់ត្រជុំរបស់យើងទាំងអស់គ្នា។
រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសង្ឃឹមយ៉ាងមុតមាំថា សិល្បករ-សិល្បការិនី នឹងចូលរួមការប្រគំតន្ត្រីអបអរសាទរ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះឱ្យកាន់តែមហោឡារិក និងប្រកបដោយមោទនភាពជាតិចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី ដែលកើតចេញពីការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា គ្រប់នីតិកាល៕ ដោយ៖ សំរិត