នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ តេស្ដរកសារធាតុញៀន ក្នុងចំណោមមន្ត្រី និងកងកម្លាំងជាង៩ម៉ឺននាក់ មានមនុស្ស៩៧នាក់ប៉ុណ្ណោះបានប្រើសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងដូច្នេះថា៖ «មកដល់ពេលនេះ ការធ្វើតេស្ដរហ័សលើទឹកម៉ូត យើងអនុវត្តទៅលើមន្ដ្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធទាំងអស់នៅទូទាំងប្រទេសមានចំនួន៩៩ ៣០០នាក់ គិតមកដល់ថ្ងៃនេះ។ ហើយក្នុងចំណោម៩៩ ៣០០នាក់នេះ យើងរកឃើញអ្នកមានប្រើប្រាស់សារធាតុញៀនហាមឃាត់ចំនួន ៩៧នាក់ ក្នុងចំណោម ៩៧នាក់នេះ មាន៨៩នាក់បានបណ្ដេញចេញពីក្របខ័ណ្ឌរួចហើយ នៅសល់ ៧នាក់កំពុងបន្តនីតិវិធី ហើយម្នាក់ផ្សេងទៀតកំពុងធ្វើការតាមដាន»។

លោកថា ៖ ការតេស្តរកសារធាតុញៀនលើមន្ត្រីរាជការ និងមន្ត្រីប្រដាប់អាវុធនៅទូទាំងប្រទេសកន្លងមកនេះ គឺសម្រេចបានប្រមាណជាង៩ម៉ឺននាក់ហើយ ខណៈអ្នកដែលរកឃើញថា មានអ្នកប្រើប្រាស់សារធាតុញៀនតែចំនួន ៩៧នាក់ប៉ុណ្ណោះ។ នេះជាការថ្លែងឱ្យដឹងដោយនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ។

មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរូបនេះ បានបញ្ជាក់បន្ថែមថា ការធ្វើតេស្ដរកសារធាតុញៀននេះ ក៏មានការពាក់ព័ន្ធជាមួយមន្ដ្រីសាធារណៈ ដោយបានចាត់វិធានការរដ្ឋបាល ខណៈអ្នកខ្លះត្រូវបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាមច្បាប់ជាធរមាន ដែលមានស្ថានទម្ងន់ទោសមិនអាចអត់ឱនឱ្យបាន។ 

ការលើកឡើងរបស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ខាងលើនេះ បានធ្វើឡើងក្នុងវេទិកាពិភាក្សាជាមួយអ្នកសារព័ត៌មានចម្រុះស្ថាប័ន ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ នៅទីស្ដីការគណៈរដ្ឋមន្ត្រី។ 

តាមការបញ្ជាក់បន្ថែមរបស់លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក្នុងចំណោមអ្នកដែលតេស្តឃើញមានប្រើប្រាស់សារធាតុញៀនទាំង៩៧នាក់នេះ គឺត្រូវបានចាត់វិធានការក្ដៅ តាមរយៈការបណ្ដេញចេញពីក្របខ័ណ្ឌរដ្ឋមានចំនួន៨៩នាក់ ខណៈ៨នាក់ផ្សេងទៀត កំពុងតាមដាន និងបន្តនីតិវិធី។ លោកថា ចំនួនរកឃើញមន្ត្រីប្រើប្រាស់គ្រឿងញៀនេះ ក្នុងតួលេខទាបបំផុត គឺ១០០០នាក់ មានតែម្នាក់ប៉ុណ្ណោះ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print