អ៉ីស្រាអែលស្វែងរកការគាំទ្រកាន់តែរឹងមាំពីអាមេរិក ដើម្បីធានាដល់សង្រ្គាមហ្កាហ្សា ក្រោយ ICJ ថ្កោលទោស

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃចន្ទទី២២ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយថា នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu នាថ្ងៃចន្ទនេះ បានចេញដំណើរឆ្ពោះទៅកាន់​ទីក្រុងវ៉ាស៉ីនតោន ដើម្បីថ្លែងសុន្ទរកថាដ៏សំខាន់មួយទៅកាន់សមាជិកសភាទាំង២របស់សហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ ខណៈ​ដែលទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំងពីរបានទទួលរងភាពល្អក់កករ ដោយសារតែបញ្ហាសង្រ្គាមនៅដែនដីប៉ាឡេស្ទីន ហ្កាហ្សាស្រ្ទីប (Gaza Strip)។

លោក Netanyahu បានហៅទស្សនកិច្ចនេះថាជាដំណើរទស្សនកិច្ចដ៏សំខាន់បំផុតមួយដែលកើតមានឡើងចំពេលសហរដ្ឋអាមេរិកស្ថិតក្នុងភាពស្រពេចស្រពឹលផ្នែកនយោបាយ ដោយលោកចង់សំដៅលើការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងការមិនបន្តឈរឈ្មោះជាបេក្ខជនប្រធានាធិបតី សម្រាប់ការបោះឆ្នោតនាខែវិច្ឆិកាខាងមុខ ហើយស្របពេលទីក្រុងវ៉ាស៉ីនតោនព្យាយាមជំរុញ​ឱ្យអ៉ីស្រាអែល ស្វែងរកបទឈប់បាញ់គ្នាជាមួយក្រុមហាម៉ាស់ប៉ាឡេស្ទីន។

លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល
បាននិយាយថា ក្នុងការថ្លែងសាររបស់លោកទៅកាន់សភាជាតិអាមេរិកនាថ្ងៃពុធសប្តាហ៍នេះ រូបលោកនឹងព្យាយាមបង្ហាញថា ការគាំទ្រពីគណបក្សធំទាំង២របស់អាមេរិកមានសារសំខាន់ជាខ្លាំងសម្រាប់អ៉ីស្រាអែល។ លោក Netanyahu បានលើកឡើងដូច្នេះថា «ខ្ញុំនឹងប្រាប់មិត្តទាំងអស់គ្នា មិនថានៅបក្សសាធារណរដ្ឋនិងប្រជាធិបតេយ្យនោះឡើយ គឺទោះជាបេក្ខជនរបស់បក្សមួយណាក៏ដោយ ដែលប្រជាជនអាមេរិកបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីបន្ទាប់ អ៉ីស្រាអែលនៅតែជា​សម្ព័ន្ធមិត្តដ៏រឹងមាំនិងមិនអាចខ្វះខាតរបស់អាមេរិក ក្នុងតំបន់មជ្ឈិមបូព៌ា»។

អំឡុងទស្សនកិច្ចខាងលើ លោក Netanyahu ក៏នឹងជួបលោកបៃដិន ផងដែរ ក្នុងបំណងពិភាក្សាអំពីមធ្យោបាយដើម្បីសម្រេច​គោលដៅរបស់អ៉ីស្រាអែលក្នុងសង្រ្គាមហ្កាហ្សា។ លោក បៃដិន នឹងនៅបន្តកាន់តំណែងជាប្រធានាធិបតីអាមេរិករហូតទាល់តែ​ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ លោក Netanyahu បានសង្កត់ធ្ងន់ថា «អំឡុងពេលនៃសង្រ្គាម និងភាពមិនច្បាស់លាស់ វាជារឿងសំខាន់ណាស់ ដែលសត្រូវអ៉ីស្រាអែល ត្រូវដឹងឱ្យច្បាស់ថា អាមេរិកនិងអ៉ីស្រាអែល ឈរជាមួយគ្នាជានិច្ច»។

លោក បៃដិន ធ្លាប់បានបង្ហាញក្តីបារម្ភ អំពីការកើនឡើងខ្លាំងនៃចំនួនជនស៉ីវិលស្លូតត្រង់ ដែលបានស្លាប់ក្នុងសង្រ្គាម​នៅ Gaza Strip។ ទោះជាបែបនេះក្តី ប៉ុន្មានសប្តាហ៍មកនេះ យោធាអ៉ីស្រាអែល បានបង្កើនការវាយប្រហាររបស់ខ្លួននៅហ្កាហ្សា ហើយលោក Netanyahu បានអះអាងថា ការបង្កើនសម្ពាធយោធាគឺជាមធ្យោបាយតែមួយគត់ដើម្បីអាចរំដោះចំណាប់ខ្មាំង និងយកឈ្នះលើក្រុមហាម៉ាស់បាន៕ ដោយធីរីណា

...

រូបថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print