ខេត្តសៀមរាប៖ កូនឈើចម្រុះសរុប ១០,៨៣០ដើម បន្ថែមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរា បន្តចែកចាយដល់ព្រះសង្ឃ ស្ថាប័នរដ្ឋ ឯកជន ព្រមទាំងសាធារណជននានា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ដែលកូនឈើទាំងនោះរួមមាន៖
– ប្រគេនកូនឈើចម្រុះជូនព្រះអង្គ ថូ ធូរស់ ព្រះប្រធានសហគមន៍តំបន់ការពារធម្មជាតិសង្ឃរុក្ខាវ័ន ចំនួន២,០០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណព្រៃសង្ឃសហគមន៍រុក្ខាវ័ន ស្ថិតក្នុងភូមិឈូកមាស សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ កូនឈើទាំងនោះរួមមាន គគីរ៥០០ដើម គ្រញូង៥០០ដើម បេង៥០០ដើម និងធ្នង់៥០០ដើម។
– ផ្តល់កូនឈើចម្រុះជូនតំណាងលោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ចំនួន១,៥០០ដើម ដើម្បីយកទៅដាំលម្អក្នុងបរិវេណសាលាស្រុក និងនៅតាមបណ្តាឃុំក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម បេង១០០ដើម ធ្នង់១០០ដើម គគីរ១០០ដើម រំដួល១០០ដើម និងក្ងោក១,០០០ដើម។
– ផ្តល់កូនឈើចម្រុះជូនតំណាងឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមការងារប្រវត្តិសាស្រ្តយោធានៃយោធភូមិភាគទី៤ ចំនួន៤០០ដើម ដើម្បីយកទៅដាំនៅសារមន្ទីរប្រវត្តិសាស្ត្រយោធាយោធភូមិភាគទី៤ និងដាំនៅតំបន់មរតកប្រវត្តិសាស្រ្ត តេជោភ្នំស្រួច ខេត្តឧត្តរមានជ័យ។ កូនឈើទាំងនោះរួមមាន គគីរ១០០ដើម គ្រញូង១០០ដើម ធ្នង់១៥០ដើម និងក្ងោក៥០ដើម។
– ផ្តល់កូនឈើចម្រុះជូនលោក ហួន បញ្ញា ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៤២០ដើម ដើម្បីយកទៅដាំលើដីផ្ទាល់ខ្លួន ស្ថិតនៅភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម ធ្នង់៥០ដើម បេង៥០ដើម ឈើទាល៥០ដើម គគីរ៥០ដើម ស្ពង់២០ដើម និងរំដួល១០០ដើម។
– ផ្តល់កូនឈើចម្រុះជូនលោក អ៊ីង គី ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៣០០ដើម ដើម្បីយកទៅដាំលើដីផ្ទាល់ខ្លួន ស្ថិតនៅភូមិស្មាច់ ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់៥០ដើម បេង៥០ដើម ឈើទាល៥០ដើម គគីរ៥០ដើម កកោះ៥០ដើម និងរំដួល៥០ដើម។
– ផ្តល់កូនឈើចម្រុះចំនួន៥,២៥០ដើម ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋរស់នៅក្រុងរុនតាឯក តេជោសែន។
– ផ្តល់កូនឈើចម្រុះ ចំនួន៧៦០ដើម ដើម្បីយកទៅដាំបន្ថែមក្នុងបរិវេណព្រៃសួនរុក្ខជាតិអង្គរ ស្ថិតនៅភូមិត្រពាំងសេស សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
– ផ្តល់កូនឈើចម្រុះជូនលោក កង ជាដារិន ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន២០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណសាលាបឋមសិក្សាគោកចាន់ ស្ថិតនៅភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ឈើទាល៥០ដើម គគីរ១០០ដើម និងក្ងោក៥០ដើម៕