ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថាក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុកឈ្មោះ ប្រយុទ្ធដើម្បី សន្តិភាព បានបង្ហោះវីដេអូ សកម្មភាពទំនាស់ពាក្យសម្តីជាមួយអ្នកហូបចុកនៅមុខផ្ទះលើផ្លូវបេតុង និងអ្នកបើករថយន្ត ស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។
ក្រោយពីទទួលបានព័ត៌មានភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកអធិការនគរបាលក្រុងតាខ្មៅ បានចាត់ឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន ចុះស្រាវជ្រាវករណីខាងលើ។
ជាលទ្ធផល៖ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោកអនុសេនីយ៍ឯក ព្រឹម ទៀក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន រួមជាមួយលោកមេភូមិព្រែកតាពៅ បានចុះដល់ទីតាំងកើតហេតុខាងលើ ដែលមានម្ចាស់ផ្ទះឈ្មោះ ស៊ូ សុផូ ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានដាក់តុជួបជុំបងប្អូនហូបចុកនៅលើផ្លូវបេតុងមុខផ្ទះរបស់ខ្លួនធ្វើឱ្យប៉ះពាល់ផ្លូវសាធារណៈ និងអ្នកធ្វើដំណើរ។
ជាចំណាត់ការ កម្លាំងសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំណែនាំដល់ម្ចាស់ផ្ទះខាងលើ មិនឱ្យដាក់តុហូបចុកនៅលើផ្លូវសាធារណៈបន្តទៀតនោះទេ ដែលបង្កឱ្យមានការប៉ះពាល់ដល់អ្នកធ្វើដំណើរ និងគ្រោះថ្នាក់ជាយថាហេតុ៕ដោយ៖តារា