តុលាការសម្រេចឃុំខ្លួនមន្ត្រីយោធាជើងខ្លាំងកាន់AK ទៅគំរាមកំហែងប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួនមន្រ្តីយោធាម្នាក់ជាជើងខ្លាំងកាន់កាំភ្លើងអាកាទៅគំរាមកំហែងប្រជាពលរដ្ឋ ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្នពីបទគំរាមកំហែងនិងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដើម្បីរង់ចាំកាត់ទោសទៅតាមផ្លូវច្បាប់ ។

សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ១៩និង ៣២នាទី មានបុរសម្នាក់បានប្រើប្រាស់កាំភ្លើងវែង១ដើម ម៉ាក AK47 កាន់គំរាមកំហែងទៅលើពលរដ្ឋនៅចំណុចគល់ស្ពានព្រែកព្នៅ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមដងផ្លូវ និងប្រជាពលរដ្ឋរស់នៅក្បែរនោះផងដែរ ។ ក្រោយមកជននោះបានកាន់កាំភ្លើងដើរចូលរថយន្តវិញ រួចបើកចេញពីកន្លែងកើតហេតុបាត់ទៅ ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះ កម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌព្រែកព្នៅ បានធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនបុរសនោះយកទៅសួរនាំ ។

...

ជនសង្ស័យឈ្មោះ សុខ មនោរម្យ អាយុ៣៧ឆ្នាំ មានមុខរបរជាមន្ត្រីយោធា បានសារភាពថា មូលហេតុដែលខ្លួនយកកាំភ្លើងទៅគំរាមកំហែងជនរងគ្រោះនោះ គឺដោយសារជនរងគ្រោះ បានចោទប្រកាន់មកលើខ្លួនថា មានទំនាក់ទំនងស្នេហាជាមួយប្រពន្ធគេ ហើយខ្លួនក៏ណាត់ជនរងគ្រោះដើម្បីដោះស្រាយការយល់ច្រលំ តែដោយជនរងគ្រោះមានបក្ខពួក៤ទៅ៥នាក់មកព័ទ្ធជុំវិញខ្លួន និងឃើញមានម្នាក់សៀតវត្ថុរឹងនៅនឹងចង្កេះផង ទើបខ្លួនរត់ទៅយកកាំភ្លើងចេញពីក្នុងឡានដើម្បីគំរាមក្រុមនោះឱ្យចេញឆ្ងាយពីខ្លួនតែម្តងទៅ ។ ចំណែកប្រពន្ធជនរងគ្រោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ខ្លួនពុំមានទំនាក់ទំនងអ្វីស៊ីជម្រៅជាមួយជនសង្ស័យទេ ។ ក្រោយឃាត់ខ្លួន សមត្តកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print