ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញថ្លែងសារពិសេសទាក់ទិនទៅនឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV DTA) នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានថ្លែងថា ៖ ថ្មីៗនេះមានអ្នកនៅស្រុកក្រៅមួយចំនួនបានបង្ហោះផ្សាយតាមហ្វេសប៊ុក និង TikTok ពាក់ព័ន្ធនឹងការធ្វើបាតុកម្មទម្លាក់នាយករដ្ឋមន្រ្តីបង់ក្លាដេស ដែលទង្វើបែបនេះ គឺស្មើនឹងការបន្ថែមទោសទៅឱ្យបុគ្គលមួយចំនួនដែលកំពុងស្ថិតនៅក្នុងនីតិវិធីរបស់តុលាការ ពាក់ព័ន្ធនឹងសុំណុំរឿងបដិវត្តន៍ពណ៌។
សម្តេចតេជោ ហ៊ុន សែន ក៏បានដាស់តឿនដល់ជនទាំងឡាយ កុំឱ្យប្រមាថប្រទេសជាតិខ្លួនឯង កុំប្រមាថអង្គព្រះមហាក្សត្រ និងពិសេសមិនត្រូវប្រមាថឆន្ទៈរបស់ប្រជាពលរដ្ឋរាប់លាននាក់ ដែលបានចូលរួមបោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងសេរីពហុបក្ស។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ទាក់ទិនទៅនឹងតំបន់អភិវឌ្ឍត្រីកោណ ហើយដែលរឿងនេះក្នុងប៉ុន្មានថ្ងៃនេះ មានការមួលបង្កាច់ ដែលមិនអាចអត់ឱនឱ្យបានទេ សម្រាប់ជនទាំងឡាយណា ដែលបានមួលបង្កាច់សភាពការណ៍នេះ រហូតដល់ចោទមេដឹកនាំកម្ពុជាជាពិសេសខ្លួនខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជា នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថាជាជនក្បត់ជាតិទាក់ទិននឹងការកាត់ដី៤ខេត្ត ទៅឱ្យវៀតណាម»។
ការបំភ្លឺរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈវីដេអូពិសេស នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីមានក្រុមប្រឆាំងមួយចំនួន បានផ្សព្វផ្សាយបំភ្លៃការពិតក្នុងន័យថា កម្ពុជាបានកាត់ខេត្តចំនួន៤រួមបញ្ចូលជាដែនដីជាមួយវៀតណាម។
សម្តេចបានចាត់ទុកថាការបំភ្លៃរបស់ក្រុមប្រឆាំង ដែលមានសេណារីយ៉ូពីក្រៅប្រទេសអំពីសភាពការណ៍នេះ នឹងជំរុញឱ្យសមាជិករបស់ខ្លួន ដែលអនុវត្តផែនការបំភ្លៃនេះប្រឈមចំពោះមុខច្បាប់ ខណៈមនុស្ស៣នាក់ត្រូវបានចាប់ខ្លួនរួចទៅហើយ។
សម្តេចបានលើកឡើងទៀតថា៖ «អ្នកក៏ត្រូវតែដឹងថា ការញុះញង់និងការបំភ្លៃរបស់អ្នកបានធ្វើឱ្យអ្នកខាងក្នុងជាប់គុក ហើយប្រសិនបើរឿងនេះកើតឡើង មានទៅដល់ការជាប់គុកជាប់ច្រវាក់ សូមកុំបន្ធូរបន្ថយឱ្យសោះ ព្រោះទង្វើដែលគេបានធ្វើ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ វាធ្ងន់ធ្ងរហួសកម្រិត»៕
ដោយ ៖ សិលា