ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញថ្លែងសារពិសេសទាក់ទិនទៅនឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV DTA) នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមុិញ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្នុងរយៈពេល២៦ឆ្នាំមកនេះ កម្ពុជាបានអភិវឌ្ឍខ្លួនក្នុងល្បឿនមួយយ៉ាងលឿន ក្រោមកិច្ចសហការនិងសម្របសម្រួលជាមួយប្រទេសចិននិងវៀតណាម។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រទេសចិននិងវៀតណាម បានជួយតភ្ជាប់តំបន់នៃខេត្តទាំង៤ របស់កម្ពុជា ដើម្បីជំរុញការអភិវឌ្ឍនៅតំបន់នេះថែមទៀត ហើយកម្ពុជា មានគោលដៅបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅព្រំដែនកម្ពុជា-វៀតណាម ត្រង់ចំណុចខេត្តក្រចេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ៖ ការដាក់ខេត្តរបស់ប្រទេសកម្ពុជា ឡាវ និងវៀតណាម មិនជាការដាក់ ដើម្បីបង្កើតប្រទេសមួយ ឬដាក់ខេត្តនេះឱ្យទៅជាខេត្តនៃសហព័ន្ធណាមួយដូចដែលបុគ្គលចោទប្រកាន់ប៉ុន្មានថ្ងៃនេះនោះទេ។
សម្ដេចតេជោ បានប្រកាសឱ្យដឹងថា ៖ សមត្ថកិច្ចបានចាប់មនុស្ស៣នាក់ ក្រោយធ្វើសកម្មភាពបំភ្លៃការពិត និងមូលបង្កាច់ និងនិយាយអាក្រក់តាមប្រព័ន្ធផ្សព្វផ្សាយ។
ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ឱ្យនិស្សិតទៅស្រាវជ្រាវអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ នៅក្រសួងកសិកម្ម ដើម្បីបានដឹងច្បាស់អំពីកិច្ចសហប្រតិបត្តិការមួយនេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ដើម្បីឱ្យដឹងថាអ្វីខ្លះទៅជាកិច្ចព្រមព្រៀង នៅទីនេះគ្មានកិច្ចព្រមព្រៀងណាដែលទាក់ទិនការបញ្ចូលដែនដី ជាមួយគ្នានោះទេ ក្រៅពីផ្តោតតែលើបញ្ហាសេដ្ឋកិច្ច សង្គម សន្តិសុខ និងការពារជាតិ ដែលភាគីនីមួយៗត្រូវគ្រប់គ្រងដែនដីរបស់ខ្លួន និងការអភិវឌ្ឍក្នុងដែនដីរបស់ខ្លួន ដោយមានការរួមចំណែកតភ្ជាប់ជាមួយគ្នា បំពេញឱ្យគ្នាទៅវិញទៅមក។ មិនមែនតែកម្ពុជាទទួលផលប្រយោជន៍ទេ វៀតណាមក៏ទទួលផលប្រយោជន៍ ឡាវក៏ទទួលផលប្រយោជន៍ ពីសហប្រតិបត្តិការ វៀតណាម គឺជាប្រទេសដែលមានបច្ចេកទេសកែច្នៃកសិផល ក្នុងពេលដែលកម្ពុជា និងឡាវ មានវត្ថុធាត់ដើម ដែលអាចបញ្ជូនទៅកែច្នៃ ដូចជាអីឡូវគ្រាប់ស្វាយចន្ទី កម្ពុជា មិនទាន់មានប្រើប្រាស់អស់លទ្ធភាពនូវការកែច្នៃទេ កៅស៊ូ ក៏ដូចគ្នា ក្នុងស្ថានភាពដែលយើងមានភាពអនុគ្រោះមួយចំនួនសម្រាប់ការកែលម្អ» ៕