សារពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា លើការអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខ័ណ្ឌនៃតំបន់ ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)
ខេត្តស្ទឹងត្រែង ៖ រដ្ឋបាលខេត្តស្ទឹងត្រែង សូមបញ្ជាក់ជំហរគាំទ្រយ៉ាងពេញទំហឹង ចំពោះសារពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធទៅនឹងការអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខ័ណ្ឌ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលជាគំនិតផ្តួចផ្តើមដំបូងរបស់ កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុង គោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែននៃប្រទេសទាំងបី ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែនទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ គិតមកដល់ឆ្នាំ២០២៤នេះ កិច្ចប្រជុំក្រោមក្របខ័ណ្ឌនៃតំបន់ត្រីកោណអភិវឌ្ឍន៍នេះ បានធ្វើឡើង ចំនួន១១លើករួចមកហើយ ដោយមានការប្តូរវេនគ្នាធ្វើជាប្រធានរវាងប្រទេសទាំងបី ហើយឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២ផងដែរ។
គម្រោងកិច្ចសហប្រតិបត្តិការនេះ មានគោលការណ៍គ្រឹះសំខាន់ ក្នុងការលើកកម្ពស់ការគោរព និងការជឿទុកចិត្តគ្នាទៅវិញ ទៅមក ដើម្បីផលប្រយោជន៍រួមគឺ ការការពារបូរណភាពទឹកដី និងការដោះស្រាយបញ្ហាតាមរយៈទំនាក់ទំនងការទូត និងច្បាប់ អន្តរជាតិ។ នៅក្រោមគម្រោងកិច្ចសហប្រតិបត្តិការនេះ យើងបានសហការគ្នាយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព ក្នុងការឆ្លើយតប ទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខមិនមែនប្រពៃណី ដូចជា៖ ឧក្រិដ្ឋកម្មឆ្លងដែន ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ គ្រោះមហន្តរាយ ធម្មជាតិ សន្តិសុខ សុខភាពសាធារណៈ ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនជាដើម។
លើសពីនេះទៅទៀត ការអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខ័ណ្ឌនៃតំបន់ត្រីកោណអភិវឌ្ឍន៍ បានជំរុញសមាហរណកម្ម សេដ្ឋកិច្ច និងការតភ្ជាប់ ដែលនាំមកនូវការបង្កើនពាណិជ្ជកម្មឆ្លងដែន ការលើកកម្ពស់វិស័យទេសចរណ៍តាមចក្ខុវិស័យ “ប្រទេសបី គោលដៅទេសចរណ៍តែមួយ” ដែលជាគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្រតាមតំបន់ព្រំដែន និងទូទាំងប្រទេស។ ទាំងនេះ ជាភស្តុតាងយ៉ាងប្រត្យក្សបញ្ជាក់ថា តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម គឺជាប្រភពនៃសន្តិភាព និងវិបុលភាព សម្រាប់ប្រទេសទាំងបី ជាពិសេសខេត្តជាប់ព្រំដែន។
រដ្ឋបាលខេត្តស្ទឹងត្រែង សូមប្រកាសថ្កោលទោស ព្រមទាំងប្រឆាំងដាច់អហង្ការ ចំពោះការញុះញង់ បង្កចលាចល សំដៅ បំផ្លាញសមិទ្ធផល និងដំណើរការអភិវឌ្ឍនៃតំបន់ត្រីកោណអភិវឌ្ឍន៍ និងសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ សូមបន្ត ចូលរួម និងគាំទ្រយ៉ាងពេញទំហឹងដល់ការអនុវត្តកម្មវិធី និងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា នៃប្រទេសទាំងបី និងតំបន់ទាំងមូល ៕
ដោយ ៖ សិលា