ខេត្តពោធិ៍សាត់៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំ និងបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ត្រ ស្នងការរងផែនការងារធនធានមនុស្ស ទទួលទិសក្រុងពោធិ៍សាត់ និងដោយមានការសហការពីលោក ធៀម សុផាត អភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ បានដឹកនាំកម្លាំងផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្ត ចំនួន ២០នាក់ សហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ចំនួន៣៩ សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងពោធិ៍សាត់ចំនួន ១៤នាក់ កម្លាំងសរុបចំនួន ៧៤នាក់ បានធ្វើការដាក់គោលដៅចុះត្រួតពិនិត្យស្វែងរកសារធាតុញៀនខុសច្បាប់ ជាតិស្រវឹង អាវុធជាតិផ្ទុះ និងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៅវេលាម៉ោង២១ និង០០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ។
លោកវរសេនីយ៍ឯក កែវ សារិ អធិការ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានបញ្ជាក់ឱ្យដឹងថា ៖ ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងបានឃាត់ខ្លួនបណ្ដោះអាសន្ន និងអប់រំក្នុងករណីដូចជា ករណីបើកបរក្នុងស្ថានភាពស្រវឹងចំនួន ០១ករណី ក្នុងនោះបានធ្វើកិច្ចសន្យា និងអប់រំមនុស្សចំនួន ០១នាក់ និងបានឲ្យត្រលប់ទៅលំនៅដ្ឋានវិញ។
ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ០៣ករណី មនុស្សចំនួន ០៣នាក់ ប្រុស មានសារធាតុញៀនក្នុងទឹកនោម ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី។ ករណីប្រើប្រាស់ដោយខុសច្បាប់នូវបារីអេឡិចត្រូនិច (Vape) ចំនួន ០៣ករណី មនុស្សចំនួន ០៤នាក់ ស្រី ០១នាក់ ក្នុងនោះសមត្ថកិច្ចបានដកហូតឧបករណ៍សម្រាប់ជក់បារីអេឡិចត្រូនិច ធ្វើកិច្ចសន្យា និងអប់រំឲ្យត្រលប់ទៅលំនៅដ្ឋាន។ ករណីក្មេងទំនើងជិះម៉ូតូលឿន និងគ្មានឯកសារច្បាស់លាស់ ចំនួន ០៣ករណី។ ក្នុងនោះសមត្ថកិច្ចអប់រំជនសង្ស័យបានចំនួន ០៥នាក់ ស្រី ០២នាក់ បច្ចុប្បន្នមនុស្សត្រូវបានអាណាព្យាបាលមកធានាដើម្បីយកទៅអប់រំនៅលំនៅដ្ឋានវិញ។ និងករណី ក្មេងទំនើង មានកាំបិតកែច្នៃ ចំនួន ០២ករណី ក្នុងនោះឃាត់ខ្លួនជនសង្ស័យបាន ០៥នាក់ បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួន និងរក្សាទុកបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដើម្បីបន្តនីតិវិធី៕ដោយ៖តារា