រដ្ឋមន្រ្តី​ នេត្រ​ ភក្ត្រា​៖​ ច្បាប់ស្ដីពីរបបសារព័ត៌មាន មនុស្សម្នាក់មិនអាចកាន់កាប់អាជ្ញាប័ណ្ណសារព័ត៌មានលើសពី២នោះទេ និងស្នើឱ្យត្រួតពិនិត្យលើអាជ្ញាប័ណ្ណ ព័ត៌មានអនឡាញប្រមាណ ១,០០០អាជ្ញាប័ណ្ណ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានថ្លែង​បញ្ជាក់ថា យោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន មនុស្សម្នាក់មិនអាចកាន់កាប់អាជ្ញាប័ណ្ណសារព័ត៌មានលើសពី២នោះទេ ចំណុចនេះសូមស្នើឱ្យត្រួតពិនិត្យលើអាជ្ញាប័ណ្ណ ព័ត៌មានអនឡាញប្រមាណ ១,០០០អាជ្ញាប័ណ្ណបើរកឃើញមនុស្សម្នាក់កាន់អាជ្ញាប័ណ្ណព័ត៌មានបើកាន់ច្រើនអាជ្ញាប័ណ្ណ ត្រូវកាត់មកសល់ត្រឹម២ អាជ្ញាប័ណ្ណវិញ។

ការថ្លែងបែបនេះ​របស់លោករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ​ នៅសាលចតុម្មុខមង្គល ដោយមានការអញ្ជើញចូលរួមពីបណ្ដាសមាគមន៍សារព័ត៌មាន លោក លោកស្រីចាងហ្វាងកាសែត និងអ្នកសារព័ត៌មានមកពីស្ថាប័នផ្សេងៗជាច្រើន ជាង២០០នាក់។

នាឱកាសនោះ​ លោករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ការធានាសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ចាំបាច់ត្រូវរៀបចំឡើង និងអនុវត្តឱ្យស្របទៅនឹងពេលដែលសង្គមកម្ពុជា ក៏ដូចជានៅលើពិភពលោកដែរ កំពុងស្ថិតក្នុងបរិបទនៃសមាហរណកម្មឌីជីថលក្នុងសង្គម ជាពិសេស ការសម្របខ្លួនជាមួយឥទ្ធិពលនៃការប្រែប្រួលក្នុងប្រព័ន្ធផ្សព្វផ្សាយ ការទទួលនិងផ្សាយព័ត៌មាន ដែលបានវិវត្តតាមការរីក ចម្រើនពីថ្ងៃទៅមួយថ្ងៃនៃបច្ចេកវិទ្យាទំនើប។ ជាក់ស្តែង ការផលិត និងចែកចាយមាតិកាជាសាធារណៈ តាមប្រព័ន្ធឌីជីថល រាប់បញ្ចូលទាំងបណ្តាញទំនាក់ទំនងសង្គម មានចំនួនកើនឡើងគួរឱ្យកត់សម្គាល់ បន្ថែមលើការផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ ផ្លូវការរបស់រដ្ឋ និងឯកជន។

លោករដ្ឋមន្ត្រី បានបន្ថែមថា ស្ថានភាពបែបនេះបានធ្វើឱ្យសង្គមកម្ពុជាមានប្រភពចែកចាយព័ត៌មានច្រើន ទាំងផ្លូវការនិង មិនផ្លូវការ ដោយបានផ្សាយព័ត៌មានទាំងពិតនិងមិនពិត ក្នុងនោះការផ្សាយព័ត៌មានគ្មានប្រភពច្បាស់លាស់ គ្មានការផ្ទៀងផ្ទាត់ត្រឹមត្រូវ ការអនុវត្តផ្ទុយក្រមសីលធម៌វិជ្ជាជីវៈ និងការប្រើសិទ្ធិហួសព្រំដែនច្បាប់កំណត់ កំពុងនៅលាយឡំគ្នាដែល ចាំបាច់ត្រូវការគិតគូរនិងរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍នេះ។ ទាំងនេះបានបង្កជាផលវិបាកនានាជាបន្តបន្ទាប់ដល់ការរស់នៅប្រចាំថ្ងៃ ភាពសុខសាន្ត សណ្តាប់ធ្នាប់សាធារណៈ និងអាចធ្វើឱ្យមានមហន្តរាយដល់សង្គមគ្រួសារ និងសង្គមជាតិទៀតផង។

សង្គមមួយមានស្ថិរភាព សណ្តាប់ធ្នាប់ល្អ និងមានភាពរីកចម្រើន គឺជាសង្គមដែលមានលំហព័ត៌មានសុវត្ថិភាព ពោលគឺមានចរាចរណ៍នូវព័ត៌មានពិត និងមានគុណភាព ដែលជាធាតុចាំបាច់សម្រាប់ឱ្យប្រជាពលរដ្ឋយកធ្វើជាមូលដ្ឋាន ក្នុងការធ្វើការសម្រេចចិត្តក្នុងការប្រកបរបរចិញ្ចឹមជីវិត និងការរស់នៅប្រចាំថ្ងៃ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងព័ត៌មានជាសេនាធិការលើវិស័យព័ត៌មាន និងសោតទស្សន៍ បាននឹងកំពុងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការផ្តោតការយកចិត្តទុកដាក់លើការគ្រប់គ្រងលំហព័ត៌មាន សំដៅធានាសន្តិសុខព័ត៌មាន ព្រមទាំងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធផ្សព្វផ្សាយឱ្យស្របតាមសម័យកាល និងតម្រូវការក្នុងសង្គមបច្ចុប្បន្ន និងពេលអនាគត។

បន្ថែមពីនេះ​ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «យ៉ាតិចត្រឹមសញ្ញាបត្រសិក្សាបឋមភូមិក៏អាចធ្វើអ្នកសារព័ត៌មានបាន គឺជាមូលដ្ឋានត្រឹម៩ឆ្នាំ ព្រោះយើងបើកទូលាយលើសិទ្ធិសេរីភាព ប៉ុន្តែក៏ត្រូវទទួលខុសត្រូវ ព្រោះអ្នកខ្លះអត់ចេះអក្សរ ផងចាប់ផ្ដើមនិយាយមក គឺមិនដឹងអីតែម្ដង ជួនកាលយកមកជេរយកៗតែម្ដង តែនេះក៏ជាមូលដ្ឋានគ្រឹះក្នុងការតម្រង់ទិស…. ហើយឥឡូវនេះបងប្អូនមួយចំនួនយកអាជ្ញាប័ណ្ណសារព័ត៌មានពីក្រសួងព័ត៌មាន ទៅរកលុយដាក់ខែជាមួយខាងជល់មាត់ ហ្គេមអនឡាញ ដែលមិនមែនប្រមូលគ្នាបានច្រើនធ្វើជាអង្គភាព។ ប៉ុន្តែយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន មនុស្សម្នាក់មិនអាចកាន់កាសែតលើសពី២ទេ គឺត្រឹមតែ២ទេ ខ្ញុំស្នើឱ្យត្រួតពិនិត្យលើអាជ្ញាបណ្ណចំនួន ១០០០ហ្នឹង តើមនុស្សម្នាក់កាន់ប៉ុន្មាន license បើកាន់ច្រើន license កាត់មកសល់ត្រឹម២វិញ»។

លោករដ្ឋមន្រ្តី បានបន្តថា អ្វីដែលត្រូវគិតគូរសំខាន់ គឺគុណភាពសារព័ត៌មាននេះឯង នៅពេលដែលកំណើនឡើង ស្របពេលដែលកំណើនឡើងយ៉ាងគំហុកបែបនេះ បងប្អូនអ្នកសារព័ត៌មានមួយចំនួនដែលទទួលបាននូវអាជ្ញាប័ណ្ណ ដែលទទួលបាននូវបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាន នៅពេលខ្លះពួកគាត់មិនទាំងស្គាល់អ្វីទៅជាដែលហៅថាសារព័ត៌មានផង ខណៈច្បាប់ស្ដីពីរបបសារព័ត៌មានបានបញ្ជាក់ថាអ្នកសារព័ត៌មានគឺត្រូវចេះអាន ចេះសរសេរអក្សរខ្មែរតែប៉ុណ្ណោះ។

...

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា៖ «សព្វថ្ងៃនេះបងប្អូនអ្នកសារព័ត៌មានខ្លះស្នើសុំអាជ្ញាបណ្ណសិន ហើយបានដើររៀនកាសែតតាមក្រោយ ដែលបញ្ហានេះហើយធ្វើឱ្យមានបញ្ហាចោទឡើង ទៅលើចំណេះដឹងផ្នែកព័ត៌មានគឺសំដៅទៅលើគុណភាពនៃការសរសេរ ហើយបងប្អូនអ្នកសារព័ត៌មានខ្លះមិនទាន់យល់ពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន»៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print