សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ ២០២៤ បានផ្សាយថា អាជ្ញាធរកាណាដានិយាយថា ភ្លើងឆេះព្រៃក្នុងប្រទេសកាណាដាបានរាលទៅដល់ទីប្រជុំជន Jasper នៃខេត្ត Alberta កាលពីថ្ងៃពុធសប្តាហ៍នេះ ខណៈដែលក្រុមពន្លត់អគ្គិភ័យកំពុងទប់ស្កាត់មិនឱ្យឆេះរចនាម្ព័ន្ធសំខាន់ៗ ដូចជាបំពង់បង្ហូរប្រេង Trans Mountain ជាដើម។
ភ្លើងឆេះព្រៃមិនអាចគ្រប់គ្រងបានទូទាំងតំបន់ រួមមាន៤៣៣កន្លែងនៅក្នុងរដ្ឋ British Columbia និង ១៧៦កន្លែងក្នុងខេត្ត Alberta ដែលភាគច្រើននៅប្លុក Fort McMurray ជាមជ្ឈមណ្ឌលខ្សាច់ប្រេង។ ក្រៅពីនោះ មានបំពង់ដែលអាចបង្ហូរប្រេង ៨៩០,០០០បារ៉ែលក្នុងមួយថ្ងៃ ពីទីក្រុង Edmonton ទៅកាន់ទីក្រុង Vancouver រត់កាត់ឧទ្យានជាតិ Canadian Rockies ក្បែរទីក្រុងទេសចរណ៍ដ៏ស្រស់ស្អាត ដោយមនុស្សប្រហែល ២៥,០០០នាក់ ត្រូវបានបង្ខំឱ្យជម្លៀសចេញកាលពីថ្ងៃអង្គារ។ ឧទ្យាន Canadian Rockies បានឱ្យដឹងថា «ក្រុមពន្លត់អគ្គិភ័យកំពុងធ្វើការដើម្បីសង្រ្គោះរចនាសម្ព័ន្ធឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន និងការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងរោងចក្រប្រព្រឹត្តិកម្មទឹកសំណល់ ខ្សែបណ្តាញទំនាក់ទំនង និងបំពង់បង្ហូរប្រេង Trans Mountain»។ នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau និយាយថា រដ្ឋាភិបាលបានយល់ព្រមលើសំណើរបស់ខេត្ត Alberta សុំជំនួយសហព័ន្ធ ដោយដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធជួយដល់ដំណើរការជម្លៀសចេញ និងសង្រ្គោះបន្ទាន់ ហើយកំពុងសម្របសម្រួលការពន្លត់ភ្លើងឆេះតាមយន្តហោះផងដែរ។
បើតាមអាជ្ញាធរនៅតំបន់ឧទ្យាននោះ គុណភាពខ្យល់កាន់តែយ៉ាប់យ៉ឺនទៅ បង្ខំឱ្យក្រុមពន្លត់អគ្គិភ័យ និងអ្នកផ្សេងទៀត ខ្វះឧបករណ៍ដកដង្ហើម ដើម្បីជម្លៀសទៅកាន់ទីប្រជុំជន Hinton ចម្ងាយប្រហែល ១០០គីឡូម៉ែត្រ។ ប៉ុន្តែមន្ត្រីរបស់ Parks Canada រំពឹងថានឹងមានភ្លៀងធ្លាក់មកដល់៕ ដោយធីរីណា
រូបថត: CBC