ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថាCDC នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីរសៀលម្សិលមិញនេះ បានដឹកនាំក្រុមការងារ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនដែលដឹកនាំដោយលោក ZHONG ZHENGBING អនុប្រធានសមាគមវឌ្ឍនភាពកម្ពុជា-ចិន ក្នុងគោលបំណងពិភាក្សាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសិក្សាស្វែងយល់ពីកាលានុវត្តភាពនិងច្បាប់ និងបទបញ្ញត្តិស្ដីពីវិនិយោគនៅកម្ពុជា។
ក្នុងជំនួបសម្ដែងការគួរសមនាឱកាសនេះ លោកអនុប្រធានសមាគម បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះលោក និងសហការី ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូចូលជួបសម្ដែងការគួរសមនាឱកាសនេះ។ ទន្ទឹមនឹងនេះ គណៈប្រតិភូបានបង្ហាញពីចេតនាក្នុងការចូលរួមចំណែកវិនិយោគលើវិស័យសក្ដានុពលលទ្ធភាពនានាក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ មានការតភ្ជាប់ខ្ពស់ និងភាពប្រទាក់ក្រឡា ទាំងផ្ទៃក្នុងប្រទេស និងជាមួយតំបន់ ដែលនឹងបន្តរួមចំណែកជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។
ជាការឆ្លើយតប លោកអគ្គលេខាធិការរង បានជម្រាបជូនអំពីគំនិតផ្ដួចផ្ដើមកិច្ចសហប្រតិបត្តិការរៀបចំបង្កើតរបៀងឧស្សាហកម្ម និងច្រករបៀងមច្ឆានិងអង្ករ ដែលនឹងក្លាយទៅជាកម្លាំងចលកររុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជាឈានខ្ពស់សម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
បន្ថែមពីនេះ អគ្គលេខាធិការរងរូបនេះ បានជម្រាបជូនគណៈប្រតិភូអំពីការផ្ដល់កិច្ចសម្រួលវិនិយោគ, កញ្ចប់លើកទឹកចិត្តវិនិយោគ, និងសេវាថែទាំវិនិយោគដែលជ្រកក្រោមច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងបានលើកទឹកចិត្តឱ្យគណៈប្រតិភូធ្វើការសិក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការផ្ដល់កិច្ចសហការបន្ថែមចំពោះគម្រោងខាងលើ៕ដោយ៖តារា