ខេត្តពោធិ៍សាត់៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលកំពង់លួង សហការជាមួយកម្លាំងចម្រុះដឹកនាំដោយឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីលោក គឹម ទី តំណាងអធិការរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប លោកវរសេនីយ៍ឯក ជា សោភ័ណ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
លោកវរសេនីយ៍ទោ នួន សាវឿន តំណាងអគ្គស្នងការនគរបាលជាតិ សហការជាមួយក្រុមការងារថ្នាក់ក្រោមជាតិ មានលោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម
លោក គឺ គឹមណូ អភិបាលរងស្រុក លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ រួមមានលោកនាយ- នាយរងផ្នែក យោធាខេត្ដ កងរាជអាវុធហត្ថស្រុកក្រគរ កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ បរិស្ថាន បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលចាប់ពីឃុំកំពង់លួងរហូតដល់ភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្ដពោធិ៍សាត់ កាលពីថ្ងៃទី២៥ ខែកក្កដាម្សិលមិញនេះ ដោយប្រើប្រាស់កម្លាំងសរុបចំនួន ២៨នាក់ ប្រើប្រាស់កាណូត ៧គ្រឿង។
លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានឲ្យដឹងថា ៖ ស្ថានភាពកម្ពស់ទឹកនៅស្ថានីយ៍ជលសាស្ត្រ បឹងទន្លេសាប-កំពង់លួង មាន ២,២៦ម៉ែត្រ ចំពោះហ្វូងត្រីលិញ ត្រីរៀល ពុំទាន់មានធ្លាក់មកដល់បឹងទន្លេសាបទេ ក្រុមការងារបានចុះបង្រ្កាបបទល្មើសជលផលបានចំនួន ២ករណី។
ករណី១ របាំងស្បៃមុងខុសច្បាប់៤៣ខ្សែ ប្រវែង៧៥០០ម៉ែត្រ, លូកងស្បៃមុងចំនួន ៧៨មាត់។
ករណី២ របាំងសាច់អួនចំនួន១២ខ្សែ ប្រវែង២៣០០ម៉ែត្រ ,ក្បាលបរចំនួន១៥ គ្រឿង ,បង្គោលចំនួន៩២០ដើម ,បានចាក់លែងកូនត្រីចម្រុះទម្ងន់៩១គីឡូក្រាម ចូលបឹងទន្លេសាបវិញ៕អរុណរះ