ក្រសួង​សេដ្ឋកិច្ច​៖​ រាជរដ្ឋាភិបាលមានមហិច្ឆតាអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងជាឆ្នេរទេសចរណ៍កម្រិតពិភពលោក

ចែករំលែក៖

ភ្នំពេញ៖​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បានបង្ហាញពី​«ផែនការមេអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» បាន​បង្ហាញថារាជ​រដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំផែនការមេអភិវឌ្ឍខេត្ត​ព្រះសីហនុ​ទៅជាតំបន់សេដ្ឋកិច្ច​ពិសេស​គំរូពហុបំណង និងអភិវឌ្ឍ​បណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា ហើយទៅអនាគតអភិវឌ្ឍ​ឱ្យ​ក្លាយជាគោលដៅ​ទេសចរណ៍ឆ្នេរកម្រិតពិភពលោក និងជាថ្នាលថ្មីសម្រាប់សេដ្ឋកិច្ច​បៃតង។​

គណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា បានបើកកិច្ចប្រជុំលើកទី៤​កាលពីថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ​២០២៤ថ្មីៗនេះ​ ដើម្បីពិនិត្យ ផ្តល់យោបល់ និងផ្តល់គោលការណ៍ឯក​ភាព​លើសេចក្តីព្រាង «ផែនការមេអភិវឌ្ឍ​បណ្ដាខេត្ត​ជាប់ឆ្នេរសមុទ្រ​កម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» ។

កិច្ចប្រជុំនេះដឹកនាំដោយ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា​ប្រធាន​គណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងនិង ដោយមានកា​រ​អញ្ជើញចូលរួមពីលោកឧបនាយករដ្ឋមន្ត្រី, លោក​រដ្ឋមន្ត្រី, លោក-លោកស្រីថ្នាក់ដឹកនាំក្រសួង-សា្ថប័ន, លោក​ លោកស្រីអភិបាល នៃគណៈអភិបាលខេត្ត​ព្រះសីហនុ, ខេត្តកំពត, ខេត្តកោះកុង, ខេត្តកែប និងក្រុមការងាររៀបចំផែនការមេ ដែលដឹកនាំដោយ លោក ស៊ឺម៉ា សែវ (SIMA XIAO) នាយកនៃ​វិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិន (Urban Planning & Design Institute of Shenzhen -UPDIS)។

សេចក្តីព្រាង«ផែនការមេអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» មានចក្ខុវិស័យ​រយៈពេលវែងដល់ឆ្នាំ២០៣៨ ដែលមានទិសដៅអភិវឌ្ឍខេត្តជាប់ឆ្នេរ​សមុទ្រកម្ពុជាទៅជា ៖

ទី១- គោលដៅទេសចរណ៍ឆ្នេរកម្រិតពិភពលោក៖ ដៃគូប្រកួតប្រជែង​ទៅ​កាន់​គោលដៅទេសចរណ៍ឆ្នេរសមុទ្រអន្តរជាតិ, ផ្តល់សេវាទេស​ចរណ៍​ប្រកបដោយវិជ្ជាជីវៈ និងបង្កើនបរិយាកាសសម្រាប់ទេសចរណ៍​បែបកម្សាន្ត ។

ទី២- ថ្នាលថ្មីសម្រាប់សេដ្ឋកិច្ចបៃតង៖ ប្រកបដោយថាមពលបៃតង, ការប្រើប្រាស់វិធីសាស្ត្របៃតងសម្រាប់ការធ្វើកសិកម្ម និងការអភិវឌ្ឍ​ឧស្សាហកម្ម និងហិរញ្ញវត្ថុបៃតង។

សូមជម្រាបថា សេចក្តីព្រាង «ផែនការមេអភិវឌ្ឍបណ្តាខេត្តជាប់​ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» បានធ្វើការវាយតម្លៃអំពីការគ្រប់គ្រងរដ្ឋបាល, ស្ថានភាពចរាចរណ៍, កម្ពស់សណ្ឋានដី, ការអភិវឌ្ឍដី, ចំនួនប្រជាជន, ស្ថានភាព​ធនធាន និងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ដើម្បីវិភាគទៅលើគោលដៅ, លក្ខខណ្ឌ និងសក្តានុពលអភិវឌ្ឍន៍របស់ខេត្តនីមួយៗ ។ ផែនការមេនេះ​ក៏មានការវិភាគ លើសក្តានុពលអភិវឌ្ឍឧស្សាហកម្មរបស់ខេត្តនីមួយៗ និងផ្តល់អនុសាសន៍ លើការបំពេញឱ្យ​គ្នាទៅវិញទៅមក និងភាពប្រទាក់​ក្រឡារវាងខេត្តទាំង៤ ព្រមទាំងគម្រោងយុទ្ធសាស្ត្រសម្រាប់ខេត្តជាប់​ឆ្នេរសមុទ​កម្ពុជាផងដែរ ។

ជាលទ្ធផលអង្គប្រជុំបានពិភាក្សាដោយយកចិត្តទុកដាក់លើចំណុចសំខាន់ៗ និងបានផ្ដល់មតិយោបល់កែសម្រួលលើផ្នែកខ្លះរបស់​សេចក្តីព្រាង ដើម្បីឱ្យឯកសារសេចក្តីព្រាងកាន់តែមានភាពពេញលេញ និងមានសង្គតិភាព និងបានវាយតម្លៃខ្ពស់ចំពោះការរៀបចំ​សេចក្តីព្រាង «ផែនការមេអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀង​សេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» នេះ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមគាំទ្រ និងផ្តល់កិច្ចសហការពីថ្នាក់ដឹកនាំគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ក្រុមការងារបច្ចេកទេសសម្របសម្រួលអន្តរក្រសួង ក៏ដូចជាលេខា​ធិការដ្ឋានរៀបចំ និងអនុវត្តផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់​សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្តាខេត្តជាប់​ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា ព្រមទាំងក្រុមការងារវិទ្យាស្ថាន UPDIS ដែលបានខិតខំរៀបចំ កែសម្រួលសេចក្តីព្រាង «ផែនការមេអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រ​កម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» ស្របតាម​មតិយោបល់របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ឱ្យកាន់តែមានភាព​ច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងបញ្ចប់តាមការគ្រោង​ទុករបស់​រាជរដ្ឋាភិបាល ។

...

គួររំលឹកថា តាមការចង្អុលបង្ហាញដោយផ្ទាល់របស់សម្ដេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា​ក្នុងការពង្រីក​វិសាលភាពនៃ «ផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជា​តំបន់​សេដ្ឋកិច្ចពិសេសគំរូពហុបំណង», «ផែនការមេអភិវឌ្ឍ​បណ្តាខេត្តជាប់​ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» បានរៀបចំឡើងដោយបញ្ចូលខេត្ត​ជាប់ឆ្នេរ​សមុទ្រទាំង ៣ ផ្សេងទៀត តាមរយៈការប្រើប្រាស់ធនធាន និង​សក្ដានុពលផ្សេងៗរបស់ខេត្តនីមួយៗ ដែលអាចផ្គុំចូលគ្នាបង្កើតជា​ផែនការមេដែលប្រទាក់ក្រឡា មានមាត្រដ្ឋាន និងជាកម្លាំងរួមមួយ សំដៅបង្កើនភាពប្រកួតប្រជែងរបស់ខេត្តទាំង៤ និងកម្ពុជាជារួម៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print