សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៧២ឆ្នាំ ឈានចូល៧៣ឆ្នាំ

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានផ្ញើសារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៧២ឆ្នាំ ឈានចូល៧៣ឆ្នាំ។

ផ្ញើសារលិខិតជូនពររបស់​សម្ដេចធិបតី​ បានថ្លែង​ថា​ នៅក្នុងឱកាសដ៏មង្គលាភិរម្យប្រសើរថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយនៃពិធីចម្រើនជន្មាយុ គម្រប់៧២ឆ្នាំ ឈានចូល៧៣ឆ្នាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោប្រធានព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ តាងនាម រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជការទូទាំងប្រទេស កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងក្នុងនាម រូបខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមសម្តែងនូវសេចក្តីសោមនស្សរីករាយនិងអំណរសាទរយ៉ាងក្រៃលែង និងសូមគោរពជូន នូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ គោរពជូនចំពោះ សម្តេចអគ្គមហា សេនាបតីតេជោប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមសមប្រកបដោយបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ កាយពលរឹងមាំខ្លាំងក្លា សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីដឹកនាំព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបាននូវស្នាដៃថ្មីៗធំធេង បន្ថែមទៀតក្នុងការចូលរួមដំណើរការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការពង្រឹង សមត្ថភាពស្ថាប័ន និងការកសាងសមិទ្ធផលសង្គមជាច្រើន ដើម្បីវឌ្ឍនភាពសង្គមកាន់តែរីកចម្រើនរុងរឿងខ្លាំងក្លា សំដៅលើកកម្ពស់កិត្យានុភាពជាតិ សុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត។

យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតប្រកបដោយកតញ្ញូតាធម៌និង កតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតចំពោះ សម្តេចតេជោប្រធានព្រឹទ្ធសភា ដែលកាលនៅជាប្រមុខរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធប្រកបដោយគតិបណ្ឌិតដ៏មហស្ចារ្យក្នុងការ ដឹកនាំកម្ពុជា ទទួលបាននូវសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាបុព្វបទដ៏សំខាន់ក្នុងការអភិវឌ្ឍនិងការកែទម្រង់រដ្ឋស៊ីជម្រៅ លើគ្រប់វិស័យប្រកបដោយភាពស៊ីចង្វាក់គ្នា ដែលមានអភិបាលកិច្ចល្អជាស្នូលដ៏រឹងមាំ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅលើកកម្ពស់កិត្យានុភាពជាតិ ការថែរក្សាសុខសន្តិភាពឱ្យបានស្ថិតស្ថេរគង់វង្ស ការលើក កម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ សម្តេចតេជោ បានបន្សល់ទុកជូនថ្នាក់ដឹកនាំ ជំនាន់ក្រោយ នូវស្នាដៃដែលជាគំរូវីរភាពសំខាន់ៗ រួមមាន ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ការស្វែងរក និងការចាក់វ៉ាក់សាំងជូនប្រជាជននៅទូទាំងប្រទេស ការបន្សំប្រជាជនជាមួយនឹងការរស់នៅក្នុងគន្លងថ្មី ការបញ្ចៀសបាននូវ ហានិភ័យសង្គមដែលបង្កឡើងដោយវិបត្តិជំងឺកូវីដ-១៩ ការប្រកាសបើកប្រទេស បើកសេដ្ឋកិច្ចសង្គម និងបើកវិស័យ ទេសចរណ៍ឡើងវិញ ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ និងការរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងការដឹកនាំនិងអំពាវនាវដល់ជនរួមជាតិយើងទាំងក្នុងនិងក្រៅប្រទេសឱ្យចូលរួមចំណែកក្នុងយុទ្ធនាការបំផ្លាញ ចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ ឈានទៅបញ្ចប់សោកនាដកម្មលើទឹកដីដ៏កម្សត់របស់យើង នៅត្រឹមឆ្នាំ២០២៥ និងជួយប្រជាជនដែលជួបប្រទះនូវឧបទ្ទវហេតុគ្រោះមហន្តរាយនានា។ ជាពិសេស ការធ្វើជាប្រធានអាស៊ានប្តូរវេន នាចុងឆ្នាំ២០២២ ប្រកបដោយបទពិសោធចាស់ទុំ មានទេពកោសល្យខ្ពស់ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលធ្វើឡើងដោយផ្ទាល់នៅកម្ពុជា បានដំណើរការទៅយ៉ាងរលូន ទទួលបានលទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រ។ ការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានបិទបញ្ចប់ប្រកបដោយជោគជ័យយ៉ាងធំធេង។ ជាងនេះទៀត សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានផ្តួចផ្តើមបង្កើតគម្រោងព្រែកជីកហ្វូណនតេជោ ជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ដែលនឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេស វិស័យដឹកជញ្ជូន អាចកាត់បន្ថយថ្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា កាត់បន្ថយការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយ នីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ច ពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយ រំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ ដើម្បីបម្រើ ផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា ទាំងនេះគឺសុទ្ធតែជាសមិទ្ធផលដ៏ធំធេងដែល កើតចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិតនិងជាទីមោទនៈបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ជាពិសេស ក្នុងការបន្តដឹកនាំស្ថាប័នព្រឹទ្ធសភា។

ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាលនៃពិធីចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក​ឫទ្ធិបារមីថែរក្សាប្រាង្គប្រាសាទអង្គរ ជាពិសេស ទេវតាថែរក្សា ឆ្នាំរោង ឆស័ក ព្រះនាម មហោទរាទេវី សូមតាមជួយថែរក្សា ការពារ អភិបាល ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូន រាធុការពរជ័យគ្រប់ប្រការជូនចំពោះ សម្តេចតេជោប្រធានព្រឹទ្ធសភា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមសមប្រកបដោយពុទ្ធពរដ៏ឧត្តុង្គឧត្តមថ្លៃថ្លាទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។

...

សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់និងគារវភក្តីដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំ និងភរិយា៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print