អភិបាល​ខេត្ត​ពោធិ៍សាត់​៖​ កំណាត់ផ្លូវជាតិលេខ១០ ឬផ្លូវអន្ទង់អាំងទី២ ដែលទឹកហូរច្រោះបាក់ស្រុត ត្រូវបានបើកដំណើរការឡើងវិញហើយ

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់​៖​ បើយោងតាមគណនី Facebook ផ្លូវការរបស់រដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះថា៖ កំណាត់ផ្លូវជាតិលេខ១០ ចន្លោះពីឃុំប្រម៉ោយ និងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ «ផ្លូវអន្ទង់អាំងទី២» ដែលត្រូវបានទឹកភ្លៀងហូរច្រោះបាក់ស្រុត កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដានោះ ត្រូវបានជួសជុលកែសម្រួល និងបើកឱ្យដំណើរការឡើងវិញជាបណ្តោះអាសន្នហើយ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ។

ជាក់ស្ដែង​ លោក​ ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ កាលពីព្រឹកមិញនេះ​ បានចុះពិនិត្យកំណាត់ផ្លូវជាតិលេខ១០ ដែលបានបាក់ស្រុតដោយសារតែភ្លៀងធ្លាក់ខ្លាំងចំណុចលើភ្នំ (ចន្លោះពីឃុំប្រមោយ ឆ្ពោះទៅឃុំអូរសោម)។

រដ្ឋបាលខេត្ត​ បានឱ្យដឹងទៀតថា​ មកដល់ពេលនេះកំណាត់ផ្លូវជាតិលេខ១០ ត្រូវបានជួសជុលកែសម្រួលនិងអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្នហើយ សូមកុំបារម្ភនិងធ្វើដំណើរប្រកបដោយសុវត្ថិភាព។

គួរជម្រាបជូនថា មានករណីបាក់ស្រុតផ្លូវ នៅកំណាត់ផ្លូវជាតិលេខ១០ ចន្លោះពីឃុំប្រមោយ ឆ្ពោះទៅឃុំអូរសោម ស្រុកវាលវែង កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ ដែលបង្កឱ្យរាំងស្ទះ ដល់ការធ្វើចរាចរណ៍យានយន្តគ្រប់ប្រភេទ។ ករណីនេះគឺដោយសារតែប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ជាច្រើនជាប់ៗគ្នា ទើបធ្វើឱ្យបាក់ស្រុតដីនៅលើកំណាត់ផ្លូវជាតិលេខ១០ ដែលកំពុងសាងសង់នេះផ្ទាល់តែម្តង។ ជុំវិញករណីបាក់ស្រុតផ្លូវនេះ ត្រូវបានប្រជាពលរដ្ឋជាអ្នកដំណើរស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ច ពិសេសក្រុមហ៊ុនសាងសង់ផ្លូវ មេត្តាចុះជួយសម្រួល ដើម្បីឱ្យពួកគាត់អាចធ្វើដំណើរទៅវិញទៅមកបានឆាប់រហ័សផងដែរ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print